សៀមរាបៈ ក្រុមចោរដុះស្លែ ជំនាញខាងបុកហោប៉ៅភ្ញៀវ យកលុយនៅ តំបន់ផាប់ស្ទ្រីត ចំនួន១១នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ កំរិតស្រាល ធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់បញ្ជូនចូលទ្រុង ខណៈពួកគេបានឆក់ យកលុយភ្ញៀវជាច្រើនឆ្នាំ ទើបត្រូវក្របួចជាប់។
ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅតំបន់ផាប់ស្ទ្រីត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
មន្ត្រីនគរបាល បានឲ្យដឹងថា នៅម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យការពារ និងអន្តរាគមន៍ បានឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ កំពុងដើរ នៅម្ដុំផ្លូវ ផាប់ស្ទ្រីត។ មន្ត្រីនគរបាល បន្ថែមថា ក្រោយសាកសួរ ជនសង្ស័យ ទាំង២នាក់ ពួកគេ បានសារភាពថា បក្ខពួករបស់គេមានគ្នា ចំនួន៩នាក់ទៀត ដែលបានធ្វើ សកម្មភាពលួចលុយ ភ្ញៀវបរទេស ដែលដើរកំសាន្ត នៅក្នុងតំបន់ផាប់ស្ទ្រីត និងតាមផ្លូវ សុខសាន្ត ។
មន្ត្រីដដែល បន្ថែមថា ជនសង្ស័យ ដែលឃាត់ខ្លួន នោះទី១.ឈ្មោះទុំ ចន ភេទប្រុស អាយុ៣៣ឆ្នាំ ទី២.ឈ្មោះ ទុំ រ៉ាន់ ភេទប្រុសអាយុ២២ ឆ្នាំទី៣.ឈ្មោះ ម៉ៅ តា ភេទស្រី១៨ឆ្នាំ ទី៤.ឈ្មោះឯម ផស្ស ភេទប្រុសអាយុ ២៣ឆ្នាំ ៥.ឈ្មោះទេព ស្រីនិត ភេទស្រី អាយុ២៤ឆ្នាំ ៦.ឈ្មោះភឿន សុភេន ភេទប្រុស អាយុ២៣ឆ្នាំ ទី៧.ឈ្មោះ ឆន ប៉ូលីន ភេទប្រុស អាយុ២០ឆ្នាំ ទី៨.ឈ្មោះ ពេទ្យ រិទ្ធ ភេទស្រី អាយុ១៥ឆ្នាំ ទី៩ឈ្មោះ ព្រីង លាន ភេទ ប្រុសអាយុ១២ឆ្នាំ។
ពួកគេ បានសារភាពថា រាល់ការចេញទៅឆក់ម្តងៗ គឺពួកគេជិះម៉ូតូម៉ាកធូដេ ពណ៌បៃតង លាយស ពាក់ស្លាកលេខ ភ្នំពេញ១C២៨៧៥ ហើយពួកគេ បានធ្វើសកម្មភាពលួច ភ្ញៀវទេសចរណ៍ អស់ជាច្រើន លើកមកហើយ ហើយចុងក្រោយ នៅម៉ោង២៤យប់ ថ្ងៃទី៧ ខែសីហាពួកគេ បានលួចភ្ញៀវ ជនជាតិអឺរ៉ុប មានប្រុសមានស្រីដើរជុំគ្នាឆក់ យកលុយបាន ចំនួន៤២០០ដុល្លារ និងលុយខ្មែរ៨០០០០រៀល។ លុះដល់ថ្ងៃទី១៤ ខែសីហា ម៉ោង១រំលងអធ្រាត្រ បានលួចលុយភ្ញៀវជនជាតិ អឺរ៉ុបស្រីប្រុស បានលុយ១០០០ដុល្លារ ។ លុយដែលពួកគេ លួចបាននោះ យកចែកគ្នាចាយ អស់ហើយ។ ក្នុងចំណោមជនសង្ស័យ ទាំងនោះមាន៤នាក់ ប្រើប្រាស់គ្រឿងញៀន។
សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងចំណោម ជនសង្ស័យទាំង១១នាក់ នោះមានមនុស្ស ពេញវ័យ៩នាក់ ត្រូវបានរៀបចំបញ្ជូនទៅតុលាការ ឯអ្នកផ្សេងទៀត ត្រូវបាននាំយក ទៅមណ្ឌលកែប្រែ៕
មតិយោបល់