(ហាណូយ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកចូលរួម ចំណែកប្រឹងប្រែងការពារច្បាប់អន្តរជាតិ ខណៈពិភពលោកកំពុងវិវឌ្ឍទៅមុខក្នុងស្ថានភាពដ៏ស្មុគស្មាញ។
លោក ឡារ៉ូវ ធ្វើការកត់សម្គាល់ខាងលើ នៅឯជំនួបជាមួយសមភាគីរបស់លោក គឺលោក ប៊ុយ ថាញ់ សុន (Bui Thanh Son) ក្នុងទីក្រុងហាណូយ នាឱកាស បំពេញទស្សនកិច្ចមកកាន់ប្រទេសវៀតណាម។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៉ីរូបនេះក៏បានបន្ថែមដូច្នេះដែរថា «វៀតណាមគឺជាដៃគូដ៏សំខាន់របស់ រុស្ស៉ីនៅក្នុងអាស៊ាន ហើយទំនាក់ទំនងរវាងប្រទេសទាំង២ ឈរលើមូលដ្ឋានប្រវត្តិសាស្ត្រ និងការរួមគ្នាប្រយុទ្ធដើម្បីយុត្តិធម៌»។
ដំណើរទស្សនកិច្ចរបស់លោក ឡារ៉ូវ មកកាន់ទីក្រុងហាណូយ ធ្វើឡើងចំពេលប្រទេសទាំង២ ប្រារព្ធខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចំពេលបណ្ដាប្រទេសលោកខាងលិចចោទប្រកាន់រុស្ស៉ីថាបានបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ តាមរយៈការវាយប្រហារលើអ៊ុយក្រែន ដែលពួកគេចាត់ទុកថាជាទង្វើឈ្លានពាន។ នៅក្រោយបញ្ចប់ទស្សនកិច្ចនៅវៀតណាម លោក ឡារ៉ូវ នឹងត្រូវបន្តដំណើរទៅកាន់ឥណ្ឌូណេស៊ី ក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20៕
ប្រភព៖ Reuters
មតិយោបល់