ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ យកត្បូងចបវាយក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់ដេរ២០ថ្នេរ

កណ្តាលៈ ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០ នាទី មានករណីហិង្សាមួយកើតឡើង ជនសង្ស័យម្នាក់ប្រើចបកាប់ទៅលើជនរងគ្រោះម្នាក់ចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ដេរចំនួន២០ថ្នេរ ទីតាំងស្ថិតនៅត្រង់ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះ‌ឈ្មោះ ក្តឹប វ៉ាន់ ភេទប្រុស អាយុ ៣៦ ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិ រាំងដេក ឃុំ គគីរធំ ស្រុក កៀនស្វាយ ខេត្តកណ្ដាល ។ (រងរបួសក្បាលធ្ងន់ដេរចំនួន២០ថ្នេរ និងទ្រុឌក្បាលខាងក្រោយ) ។ ជនសង្ស័យឈ្មោះ កោក សុខុម ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។ (ឃាត់ខ្លួន) ពុំមានសារធាតុញៀន ក្នុងទឹកនោមអវិជ្ជមាន (-) និងធ្វើការយកសំណាក ដោយតេស្តរហ័សកូវីត១៩ លទ្ធផលគឺអវិជ្ជមាន (-) ។

វត្ថុតាងចាប់យករួមមាន៖ ចបកាប់ផ្លែដែក ដងឈើ ប្រវែង ១.៣០ ម៉ែត្រ ចំនួន ០១ ។

សភាពរឿងហេតុ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០ នាទី ជនរងគ្រោះឈ្មោះ ក្តឹប វ៉ាន់ បានមកបាញ់ចាបនៅដើមក្រខុបខាងត្បូងផ្ទះជនសង្ស័យ ហើយក៏បានឈ្លោះប្រកែកគ្នាទៅវិញទៅមក បន្ទាប់ជនរងគ្រោះក៏ជិះម៉ូតូយកទៅទុកនៅផ្ទះ រួចក៏ដើរមកកន្លែងកើតហេតុវិញ ក៏ត្រូវជនសង្ស័យឈ្មោះ កោក សុខុម កាប់មួយចបចំក្បាលខាងក្រោយ ចំហៀងខាងឆ្វេង បណ្តាលអោយដួលទៅលើដី ហើយជនសង្ស័យបានវាយមួយត្បូងចប ចំក្បាលពីក្រោយថែមទៀត រួចជនសង្ស័យរត់គេចឡើងមកថ្នល់ជាតិ ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍កំពង់ភ្នំ ក៏បានដេញតាមនឹងធ្វើការឡោមព័ទ្ធ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាង បញ្ជូនមកផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក ដើម្បីបន្តចាត់ការតាមនិតិវិធី ៕

មតិយោបល់