ភ្នំពេញៈ យ៉ាងហោចណាស់មនុស្ស២នាក់ បានរងរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយបន្សល់ទុកវត្ថុតាង ស្លាកស្នាមចោលនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ម៉ូតូម៉ាក ZOOMER ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 1FD-9476 និងម៉ូតូ រ៉ឺម៉ក ធុងពងទាកូន ម៉ាកសង់កូរ៉េ ក្រឡាប់ផ្ងារជើង បាក់បែកធ្លាក់ របស់របរ រាយប៉ាយ ពេញតែកំណាត់ផ្លូវ ។
តាមប្រភពពីពលរដ្ឋ ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូរ៉ឺម៉ក លក់ពងទាកូន បានបើកតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ពីកើតទៅលិច លុះដល់ចំណុច ត្រូវបាន យុវជនម្នាក់ បើកម៉ូតូ ZOOMER បោះពួយល្បឿនលឿន ពីកើតទៅលិច ស្របទិសគ្នា ជ្រុលទៅបុក ម៉ូតូរ៉ឺម៉ក ទាំងកំរោល បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសសងខាង ។
ដោយសារភាគីទាំង២ រងរបួសដូចគ្នា ទើបជនរងគ្រោះទៅពេទ្យអស់ បន្សល់ទុកសម្ភារៈនៅកណ្តាលផ្លូវ មិនទាន់ឃើញសមត្ថកិច្ច ចាត់ការយកចេញ ស្រាប់តែមានរថយន្តមួយគ្រឿង ផ្សេងទៀត បើកពីកើតទៅលិចដែរនោះ លឿនជ្រុលទៅបុកកៀរ ម៉ូតរ៉ឺម៉កបន្ថែមទៀត រងខូចខាតតិចតួច ខ្ចិលរវល់ រថយន្តបន្តដំណើរទៅបាត់។
ក្រោយកើតហេតុ វត្ថុតាងទុកចោលកណ្តាលផ្លូវ អស់រយៈពេលជាង១ម៉ោង បានបង្កឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ទម្រាំឃើញសមត្ថកិច្ចម្នាក់ ចុះទៅសម្រួលចរាចរណ៍ និងយកវត្ថុតាងទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ រង់ចាំស្រាវជ្រាវបន្តនីតិវិធី ដោះស្រាយពេលក្រោយ ៕
មតិយោបល់