កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ករណីអំពើលួច (ដែកទ្វាររូត) ចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ លី សំអាន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីចូលនិវត្តន៍មានទីលំនៅសព្វថ្ងៃភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ជនសង្ស័យ០២នាក់ (ឃាត់ខ្លួន)៖ ១.ឈ្មោះ កែវ សុខហ៊ាង ហៅតោ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ២.ឈ្មោះ សុត សឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ មានទីលំនៅសព្វថ្ងៃភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សម្ភារៈបាត់បង់៖ ១.ដែកទ្វាររបងចំនួន០២ផ្ទាំង ។ ២.ដែកទ្វាររូតចំនួន០៦ផ្ទាំង ។ ៣.ទុយយោប្រេងគ្រឿងចក្រមួយចំនួន ។
កន្លងមកផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅភូមិ-ឃុំកើតហេតុ បានចាក់សោទុកចោល ដោយពឹងពាក់ឈ្មោះ សុខ ចាន់ អ្នកជិតខាងឲ្យជួយមើលខុសត្រូវ ហើយជនរងគ្រោះបានទៅនៅផ្ទះរបស់ខ្លួនមួយទៀត នៅភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមកលេងផ្ទះរបស់ខ្លួននៅភូមិ-ឃុំកើតហេតុមួយដងមួយកាល ។
នៅអំឡុងខែ០៤ ឆ្នាំ២០២១ ជនសង្ស័យបានកាត់សោផ្ទះរបស់ជនរងគ្រោះ ហើយបានយកមុងភួយនឹងខោអាវរបស់ខ្លួន ឡើងទៅដេកនៅលើផ្ទះរបស់ជនរងគ្រោះ ដោយមិនបានសុំអនុញ្ញាតពីជនរងគ្រោះនោះទេ ដោយជនសង្ស័យអាងថា ឪពុករបស់ខ្លួនជាមិត្តភក្ក និងជនរងគ្រោះ ក្រោយមកជនរងគ្រោះដឹងក៏មកសួរជនសង្ស័យ ហើយបានដេញជនសង្ស័យឲ្យចេញពីផ្ទះរបស់ខ្លួន តែជនសង្ស័យមិនចេញក៏ចេះតែចេញចូលឡើងដេកនៅលើផ្ទះនោះរហូតមក ។
លុះមកដល់ថ្ងៃទី២៥.០៨.២០២១ វេលាម៉ោង០៥និង០០ទៀបភ្លឺ ជនសង្ស័យក៏បានប្រើក្មេងប្រុសម្នាក់នៅក្បែរនោះ ឲ្យទៅហៅឈ្មោះ សុត សឿន ភេទប្រុស ជាអ្នកទិញអេតចាយ នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ដើម្បីឲ្យមកទិញដែកទ្វារ និងទុយោប្រេងគ្រឿងចក្រមួយចំនួន ដែលជារបស់ជនរងគ្រោះ រហូតដល់វេលាម៉ោង១៣និង០០នាទី ឈ្មោះ សុត សឿន ក៏បានមកដល់ ពេលនោះជនសង្ស័យក៏បានយកដែកទ្វាររបងចំនួន០២ផ្ទាំង ដែកទ្វាររូតចំនួន០៦ផ្ទាំង និងទុយយោប្រេងគ្រឿងចក្រមួយចំនួនទៀត ដែលជារបស់ជនរងគ្រោះ លក់ទៅឲ្យឈ្មោះ សុត សឿន បានប្រាក់ចំនួន៩៣០០០០រៀល បន្ទាប់មកឈ្មោះ សុត សឿន បានដឹកដែកទាំងអស់នោះនិងទុយោប្រេងគ្រឿងចក្រ យកទៅលក់ឲ្យជនជាតិវៀតណាមម្នាក់ មិនស្គាល់ឈ្មោះដែលទិញអេតចាយនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល បន្តទៀត បានប្រាក់ចំនួន១.២០០០០០រៀល។
លុះមកដល់ថ្ងៃទី២៦.០៨.២០២១វេលាម៉ោង១៤និង០០នាទី ក្រោយពីដឹងថាឈ្មោះ កែវ សុខហ៊ាង ហៅតោ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្រោយពីទទួលពាក្យបណ្ដឹង រួចមកកម្លាំងជំនាញនិងប៉ុស្តិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយស្រាវជ្រាវតាមរកជនសង្ស័យ រហូតដល់វេលាម៉ោង១៥និង៤០នាទី ក៏បានឃើញជនសង្ស័យ ហើយក៏បានឃាត់ខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ រហូតដល់វេលាម៉ោង២០និង១៥នាទី កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ក៏បានបន្តឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ សុត សឿន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ កែវ សុខហ៊ាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដែកទ្វាររបង ដេកទ្វាររូតនិងទុយោប្រេងគ្រឿងចក្ររបស់ជនរងគ្រោះ លក់ទៅឲ្យឈ្មោះសុត សឿន ចំណែកជនសង្ស័យឈ្មោះ សុត សឿន បានឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលទិញដែក និងទុយយោប្រេងគ្រឿងចក្រពីឈ្មោះ កែវ សុខហ៊ាង ហើយបានយកទៅលក់បន្តឲ្យជនជាតិវៀតណាមម្នាក់ មិនស្គាល់ឈ្មោះដែលទិញអេតចាយ នៅឃុំព្រែកតាមាក់ ប្រាកដមែន ។
ចំពោះជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់