ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៨ និង១៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារ សាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ បាននាំយក អំណោយ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ មកពី៣ភូមិ ក្នុងឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
អំណោយ ដែលចែកជូន នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម. មី១កេស.ត្រីខ១យូរ. ទឹកស៊ីអ៊ីវ ១យូរ ឃីត១កញ្ចប់ និងថវិកាផ្ទាល់ខ្លួន របស់ លោក ស ថាវី អភិបាល ខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម ខេត្ត ចំនួន២៥ម៉ឺនរៀលផងដែរ។
នៅក្នុងឱកាសនោះ លោក ស ថាវី បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុកពី សំណាក់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគួរយកចិត្តទុកដាក់ពី សុខទុក្ខ និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ យើងគ្រប់ៗគ្នា ហើយអំណោយដែលចែកនៅពេលនេះ ទោះបីតិចតួចក្តី តែអាចបំពេញនូវការ ខ្វះខាតរបស់បងប្អូន យើងបានមួយគ្រាៗផងដែរ៕
មតិយោបល់