ភ្នំពេញៈ បុរសម្នាក់បន្ទាប់ពីផឹកស៊ី ស្រវឹងខ្លាំងពេកជិះម៉ូតូ បោះពួយលឿន ដូចហោះតាមផ្លូវ បេតុងមួយខ្សែ ហើយជ្រុលធ្លាក់ចេញពីលើផ្លូវ ដួលបោកក្បាល និងថ្នល់រងរបួសធ្ងន់ សន្លប់ឈឹងនៅ នឹងកន្លែង កើតហេតុហើយ ត្រូវបានប្រជាពលរដ្ឋ ហៅរថយន្ដសង្គ្រោះមកដឹក ទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1N.0665 ។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះខាងលើនេះ ជិះម៉ូតូក្នុងទិសដៅពី កើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ដោយសារតែបុរស នោះគាត់ស្រវឹងខ្លាំងពេក មើលផ្លូវមិនច្បាស់ រ៉េចង្កូតធ្លាក់ផ្លូវ បេតុង បោកនឹងចិញ្ចើមថ្នល់ បណ្តាលឲ្យមនុស្ស និងម៉ូតូហោះ បោកពីរបីត្រឡប់ បែកក្បាល សន្លប់ស្ដូកស្តឹង រងរបួសធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅមើលកន្លែងកើតហេតុ និងបានទាក់ទង ហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅព្យាបាល។ ដោយឡែក ម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ចោមចៅ ដើម្បីរង់ចាំម្ចាស់មកទទួលយកទៅវិញ ៕
មតិយោបល់