ព័ត៌មានជាតិ

ឃាត់ខ្លួន ចោរគាស់ផ្ទះ២នាក់ តាមប្រព័ន្ធ GPS រកឃើញគ្រឿងញៀន ២៦កញ្ចប់បន្ថែមទៀត

កំពង់ឆ្នាំងៈ ជនសង្ស័យ២នាក់ ជំនាញខាងគាស់ផ្ទះលួចសម្ភារៈ ត្រូវបាន សមត្ថកិច្ចក្រុងកំពង់ឆ្នាំង ឃាត់ខ្លួន បានតាមប្រព័ន្ធ GPS ឈានដល់ការឆែកឆេរ ផ្ទះរបស់ជនសង្ស័យ រកឃើញម្សៅក្រាមពណ៌ស ចំនួន២៦កញ្ចប់ និងវត្ថុតាងសម្រាប់បំរើដល់ ការជក់មួយចំនួនទៀត ។

ករណីនេះ បានធ្វើឡើង នៅវេលាម៉ោង៨ នាទីថ្ងៃទី១៧ សីហា ២០១៦ នៅចំណុចផ្ទះរបស់ឈ្មោះ មុំ សាមឿន ភេទប្រុសអាយុ ប្រមាណ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ កែវ សុខចំរើន អាយុ៥០ឆ្នាំ ស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច ដែលស្ថិតក្នុងការបង្ក្រាប បានឲ្យដឹងថា ជនល្មើសដែលត្រូវបានឃាត់ខ្លួន មានឈ្មោះទូច បូរ៉ាធូ អាយុ២៤ឆ្នាំ រស់នៅ ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ម្នាក់ទៀតឈ្មោះផន លឹមហួត អាយុ១៦ឆ្នាំ រស់នៅ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ច បានបន្ថែមទៀតថា នៅមុនឈានដល់ការ បង្ក្រាបមុខសញ្ញាក្រុមចោរលួច ខាងលើនេះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពី ម្ចាស់របស់ឈ្មោះឌុចសុភី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ត្រូវបានក្រុមចោរ ចូលលួចទូរស័ព្ទ ប្រភេទទំនើប២គ្រឿង ដែលមានភ្ជាប់ប្រព័ន្ធ GPS និងលុយដុល្លារ១០៧០ និងប្រាក់រៀល៥០ម៉ឺនរៀល ដាក់ក្នុងកាបូប ខណៈដែលក្រុមចោរ គាស់ទ្វាខាងក្រោយផ្ទះចូលលួច ។ ក្រោយពីទទួលពាក្យ បណ្តឹងពីជនរងគ្រោះ ភ្លាមៗនោះសមត្ថកិច្ច បានសហការគ្នា ជាមួយនគរបាលក្រុងកំពង់ឆ្នាំង ចាត់វិធានការជំនាញរបស់សមត្ថកិច្ច ទើបឈានដល់ការឡោមព័ទ្ធ ចាប់ឃាត់ខ្លួន បានមុខសញ្ញាមួយឈ្មោះ ទូចបូរ៉ាធូ ខាងលើភ្លាមៗ ។

សមត្ថកិច្ច បានលើកឡើងទៀតថា ការបង្ក្រាបមុខសញ្ញានេះបាន ក៏ធ្វើការរាយការណ៍ជូន លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពីលោកស្រីព្រះរាជអាជ្ញា សាលាដំបូងខេត្ត ចូលធ្វើការឆែកឆេរ ផ្ទះរបស់ជនសង្ស័យ រកឃើញម្សៅក្រាមពណ៌ស ១៣កញ្ចប់តូច ទូរស័ព្ទដៃ៥គ្រឿង រួមនិងឧបករណ៍ សម្រាប់បំរើដល់ការ ជក់មួយចំនួនទៀតផង។ ក្នុងនោះក៏ឈានទៅ តាមចាប់ឃាត់ខ្លួន បានមុខសញ្ញាម្នាក់ទៀត ដែលជាបក្សពួក ឈ្មោះ ផន លឹមហូត ដកហូតបានទូរស័ព្ទ ដៃរបស់ជនរងគ្រោះ២គ្រឿង និងលុយ១០៧០ដុល្លារ រួមនិងម្សៅក្រាមពណ៌ស ១៣កញ្ចប់តូចបន្ថែមទៀត ។ ក្រុមនេះ ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចកំពុងតាម ។

បច្ចុប្បន្ន ជនល្មើសរួមនិងវត្ថុតាង ត្រូវបានការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាល ខេត្តកំពង់ឆ្នាំង ធ្វើការសាកសួរ និងកសាងឯកសារគ្រោង និងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៃច្បាប់៕

IMG_20160817_092237IMG_20160817_092808IMG_20160817_092812IMG_20160817_094005IMG_20160817_113246IMG_20160817_113354IMG_20160817_113458

មតិយោបល់