ភ្នំពេញៈ នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ មានករណីនារីវ័យក្មេងម្នាក់ ឈ្លោះប្រកែកគ្នាជាមួយសង្សារ បានជិះម៉ូតូកង់បីមកលើស្ពានជ្រោយចង្វា ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ត្រូវម្ចាស់កង់បី ចាប់ឃាត់នាងជាប់ដឹកត្រលប់ទៅផ្ទះវិញ ដោយបន្សល់ទុកនូវខោអាវ និងស្បែកជើង ត្រង់ចំណុចកើតហេតុ បង្កការភ្ញាក់ផ្អើលកើតឡើង ដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ករណីខាងលើនេះ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងនោះ ដោយកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា សង្ស័យមានមនុស្សមកលោតទឹកសម្លាប់ខ្លួន បានបន្សល់ទុកវត្ថុតាងមានស្បែកជើង អាវ និងរូបថតមនុស្សប្រុសស្រីចំនួន០២នាក់ នៅលើស្ពានជ្រោយចង្វា ។ បើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដែលបានប្រចាំការនៅគល់ស្ពានត្រើយខាងកើតបានប្រាប់ថា មានប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ បានរាយការណ៍ប្រាប់ថា បានប្រទះឃើញស្បែកជើងផ្ទាត់មួយចំហៀងម៉ាក Havaianas និងអាវឈុតគេងយប់ របស់មនុស្សស្រី១ ដោយមានភ្ជាប់ជាមួយរូបថតមួយសន្លឹក រូបមនុស្សប្រុសស្រី២នាក់ នៅលើចិញ្ចើមផ្លូវក្បែរ បង្កាន់ដៃស្ពានជ្រោយចង្វា ដោយមានការសង្ស័យថាមានមនុស្សមកលោតទឹក ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យមើល ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅជួយផ្សព្វផ្សាយបន្តបន្ទាប់គ្នា នៅវេលាម៉ោងជាង០៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ បន្ទាប់មកសមត្ថកិច្ចបានយកសម្ភារៈទាំងអស់នោះទៅរក្សាទុក នៅស្នាក់ការប៉ុស្តិ៍ដើម្បីរង់ចាំទទួលដំណឹងបន្ថែម ។
ចំពោះហេតុការណ៍ខាងលើនេះ តាមការបកស្រាយពីនារីវ័យក្មេងនោះ បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានផឹកស្រវឹង ហើយឈ្លោះប្រកែកគ្នាជាមួយសង្សាររបស់នាង ក៏បានហៅម៉ូតូ pass app ជិះសំដៅមកឡើងលើស្ពានជ្រោយចង្វាបម្រុងលោតទឹក ប៉ុន្តែត្រូវបានម្ចាស់កង់បីឃាត់ទាន់ ហើយក៏បានដឹកនាងត្រលប់មកផ្ទះវិញ ។ ភ្លាមៗនោះដោយសារនាងស្រវឹងខ្លាំងពេកក៏ភេ្លចយករូបថត ស្បែក និងខោអាវមកវិញ ក៏បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងតែម្តង ៕
មតិយោបល់