ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ បានសហការជាមួយគយ និងរដ្ឋាករប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយ:ក្រុមហ៊ុន DHL ដែលបង្កប់លាក់សារធាតុញៀន (រាវ) ប្រភេទ កេតាមីន ( KETAMINE ) ក្នុងដបជ័រពណ៌ស ម៉ាក ALOE GEL ចំនួន៦០ដប មានទម្ងន់ ១០គីឡូក្រាម(គិតទាំងសម្បក) ។
ដោយឡែក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តការស៊ើបអង្កេត ដោយអនុវត្តតាមនីតិវិធីប្រគល់ដោយមានការឃ្លាំមើល សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក លឹម ប៊ុនសុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឈានទៅបង្ក្រាបនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុងភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ៖ ១-ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន E89753382 ។ ២-ឈ្មោះ ឆូយ ប៊ុនវុទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ។ ៣-ឈ្មោះ FU XIN MING ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន EE2807074។ ៤-ឈ្មោះ HU XIAO HUI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន EE7058599 ។
ចាប់យកវត្ថុតាង ៖ -សារធាតុញៀន កេតាមីន (KETAMIE)៦០ដប ទម្ងន់សុទ្ធ ៥ គ.ក្រ ១៣៤.២០ក្រាម(៥១៣៤,២០ក្រាម) ។
ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី ៕
មតិយោបល់