ព័ត៌មានជាតិ

នារីវ័យក្មេងចំនួន៣នាក់ ជិះម៉ូតូឌុបគ្នាបើកបុកគូទរថយន្ត បណ្តាលឲ្យដួលស្លាប់ម្នាក់របួសធ្ងន់២នាក់

ត្បូងឃ្មុំៈ នៅថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង ១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នារីវ័យក្មេងចំនួន០៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បើកលឿនជ្រុលទៅបុកគូទរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់០២នាក់ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥២-១៥៣ ត្រង់ចំណុចលើលូទឹក ស្ថិតនៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញម៉ូតូម៉ាក ហុងដា (វ៉េវ) មួយគ្រឿង ពណ៌ក្រហម (បិតស្គុតបៃតង) គ្មានផ្លាកលេខ បើកបរដោយនារីវ័យក្មេងម្នាក់ឈ្មោះ ឈឿន វុទ្ធី (ហៅស្រីពី) ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) បានឌុបមនុស្សចំនួន០២នាក់៖ ១-ឈ្មោះ រ៉េន ស្រីរ័ត្ន ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិជាមួយគ្នា (របួសធ្ងន់)។ ២-ឈ្មោះ ម៉ឹក ស្រីម៉យ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិជាមួយគ្នា (របួសធ្ងន់) ។ ចំណែកឯរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2X-0797 មិនស្គាល់ឈ្មោះនិងអាសយដ្ឋាន អ្នកបើកបរ (រត់គេចខ្លួនបាត់) ។ ទិសដៅស្របគ្នាពីលិចទៅកើត រថយន្តបើកបរពីមុខ ម៉ូតូបើកបរពីក្រោយប្រើប្រាស់ល្បឿន លឿនទៅបុកគូទរថយន្ត ។ បណ្តាលឲ្យដួលស្លាប់ម្នាក់ និងរងរបួសធ្ងន់០២នាក់ ។

ហេតុការណ៍ខាងលើនេះ បណ្តាលឲ្យរងការខូចខាត៖ រថយន្តនិងម៉ូតូកម្រិតស្រាល ។ សាកសព និងអ្នករងគ្រោះទាំងពីរនាក់ មិនបានពាក់មួកសុវត្ថិភាពនោះទេ ។ មូលហេតុ៖ បណ្តាលមកពីការបើកបរប្រើប្រាស់ល្បឿនលឿន ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន ចុះទៅធ្វើការវាស់វែងយកវត្ថុតាងទាំងគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្នតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីព្យាបាល ។ រីឯសាកសប្រគល់ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់