ព័ត៌មានជាតិ

MCL-2021៖ ភ្នំពេញក្រោន និង Tiffy Army បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់

CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន និង​សមា​គម​កី​ឡា​បាល់​ទាត់​កង​យោ​ធ​ពល​ខេម​រ​ភូមិន្ទ​(Tiffy Army) បានត្រឹមចែកគ្នា ១ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ បន្ទាប់ពីប្រកួតស្មើគ្នា ១-១ ក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី៦ នៃ​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេម​បូ​ឌាន​លីគ ឆ្នាំ២០២១ (MCL-2021) នៅកីឡដ្ឋាន Smart RSN កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ។
នេះគឺជាការប្រកួតតែមួយគត់ បន្ទាប់ពីពានរង្វាន់មិត្តហ្វូនខេមបូ​ឌាន​លីគ ឆ្នាំ២០២១ ដំណើរការប្រកួតឡើងវិញ ក្រោយ​ផ្អាក​ការ​ប្រ​កួត​ជា​ថ្មី​អស់​រយៈ​ពេល ៣សប្ដាហ៍ ដើម្បីបង្ការ និង​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល នៃជំងឺកូវីដ-១៩ ។ តែយ៉ាងណាក្ដី ដំណើរ​ការ​ប្រ​កួត​ត្រូវ​បាន​អនុវត្ត​ដោយ​តឹងរឹង តាមវិធានការសុខាភិបាល ពិសេស​គឺការ​ធ្វើ​តេស្ដ​សំ​ណាក​គ្រប់​ភាគី​ពាក់​ព័ន្ធ​មុន​ការប្រកួតតែម្ដង ។
ចំពោះការប្រកួតខាងលើ ភ្នំពេញក្រោន បានប្រើពេល ៨នាទី ដើម្បី​បើក​ការ​នាំ​មុខ​ក្រុមកងយោធពលខេមរភូមិ ១គ្រាប់មុន ដែល​ជា​គ្រាប់​បាល់​ស៊ុត​ពី​ចម្ងាយ​របស់កីឡាករ ប្រាក់ ធីវ៉ា ។ ប៉ុន្ដែរំលងតែ ៣នាទី ខ្សែ​ប្រ​យុទ្ធ ណារ៉ុង កក្កដា ក៏រកបានគ្រាប់ស្មើ ១-១ ឲ្យ​ក្រុម​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​វិញ បន្ទាប់ពីរូបគេឆក់បានបាល់ ដែល​បញ្ចូន​មិន​យល់​ចិត្តគ្នា​របស់​ខ្សែការពារភ្នំពេញក្រោន យ៉ើ មូស្លីម នៅនាទី១១ ។
នៅសល់រយៈពេលប្រមាណ ៨០នាទី នៃវគ្គទី១ និងវគ្គទី២ ក្រុមទាំងពីរ បានបន្ដវាយសម្រុកគ្នារកគ្រាប់បាល់រៀងខ្លួន ពិសេសភ្នំពេញក្រោន ដែលបានបង្កើតឱកាសច្រើនលើក្រុមភ្ញៀវ តែពួកគេមិនអាចបញ្ចប់ទីបន្ថែមឡើយ ក្រោយមានការរារាំងពីអ្នកចាំទីវ័យក្មេង គង់ រ៉ាហ្វាត់ រួមទាំងប្រព័ន្ធការពារដ៏រឹងមាំរបស់ក្រុមលោក Lee Tae Hoon ដែលនាំឲ្យការប្រកួតរក្សាលទ្ធផល ១-១ រហូតដល់ចប់ ៩០នាទីពេញ ។
ការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យភ្នំពេញក្រោន រំកិលទៅឈរលេខរៀងទី៥ និងមាន ១៩ពិន្ទុ ស្មើក្រុមព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ បន្ទាប់ពីប្រកួតបាន ៩លើកឈ្នះ ៥ និងស្មើ ៤ មិនទាន់ស្គាល់ចាញ់ម្ដងឡើយ ។ ចំណែកក្រុមកងយោធពលខេមរភូមិន្ទ បានរក្សាលេខរៀងទី៧ បណ្ដោះអាសន្ន បន្ទាប់ពីប្រកួតបាន ១០លើកឈ្នះ៤ ស្មើ ៤ និងចាញ់ ២ រកបាន ១៦ពិន្ទុ ៕
ប្រភពរូបភាព៖ CNCC

មតិយោបល់