ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិ ឃាត់ជនសង្ស័យបានចំនួន០៣នាក់ និងវត្ថុតាង ខណ:ជនសង្ស័យ កំពុងបបួលគ្នាជិះម៉ូតូដើរមើលឱកាសលួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយ ទូរទស្សន៍ថោន ផ្លូវលេខ១៧១៧ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទីឈ្មោះ នួន កុម្ភៈ ហៅញ៉ា ភេទប្រុស ជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ទី២-ឈ្មោះ ម៉េង ហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ទី៣-ឈ្មោះម៉ៅ សុមុន្នី ហៅឃ្នី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។
វត្ថុតាងដកហូតបានរួមមាន៖ ដែកសំប៉ែតកែច្នៃ១ និងសោសៀ១ រួមទាំងម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ 9873 ភព-1 ។
តាមរបាយការណ៍សមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោង០២និង៣០ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ជនសង្សយ័ទាំង០៣នាក់ បានបបួលគ្នាជិះម៉ូតូចេញពីផ្ទះ ដើរមើលតាមផ្លូវរកឱកាសធ្វើសកម្មភាពលួចម៉ូតូ ដោយជនសង្ស័យឈ្មោះ នួន កុម្ភៈ ជាអ្នកប្រើដែកកែច្នៃសម្រាប់កាច់សោកម៉ូតូ ដាក់ក្នុងហោប៉ាវខ្លួន ដើម្បីធ្វើសកម្មភាព ហើយជនសង្ស័យឈ្មោះ ម៉ៅ សុមុន្នី ជាអ្នកបើកម៉ូតូរហូតដល់វេលាម៉ោង០៤និង៤០នាទីថ្ងៃដដែល បានឮសំឡេងប្រជាពលរដ្ឋស្រែកថាចោរៗ ក៏កម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប្រទះឃើញជនសង្ស័យបម្រុងធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ បានត្រួតពិនិត្យដកហូតបានវត្ថុតាងខាងលើ និងបានឃាត់យកមកស្នាក់ការប៉ុស្តិ៍តែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់