ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្រោយធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបលុយ ពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មុខសញ្ញាចោរជិះម៉ូតូឆក់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋយ៉ាងសកម្មពីរនាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបលុយ របស់ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ក្រោយពីទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង ចុះស្រាវជ្រាវ អស់រយ:ពេល២ ថ្ងៃទើបចាប់ខ្លួនជនសង្ស័យទាំងពីរនាក់បានសម្រេច ។

លោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន២នាក់៖ ១-ឈ្មោះ សួរ ភាក់ណា ហៅមេឃ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារ ហាក់ហួត ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ លី មករា ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះឈ្មោះ អូន ចន្ទ្រា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅក្នុងកាបូបដែលចោរឆក់បាត់មាន ប្រាក់បាតចំនួន៣០០០B(បីពាន់) បាត, ប្រាក់រៀល ចំនួន៥០០០០៛(ប្រាំម៉ឺន)រៀល, អត្តសញ្ញាណប័ណ្ណចំនួន១, កាតចាក់ថ្នាំកូវីត១៩ ចំនួន១សន្លឹក,ទូរស័ព្ទដៃម៉ាក អាយហ្វូន៨ ផ្លាស់ ពណ៌ស ចំនួន១គ្រឿង,និងសម្ភារ:ផ្សេងទៀត ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកគេពិតជាបាន ធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូប ពីប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែតពិតប្រាកដមែន តែអ្នកដែលធ្វើសកម្មភាពគឺឈ្មោះ និច ១៧ឆ្នាំ ពេលនេះគេបានរត់គេចខ្លួន បាត់ហើយ ។

បច្ចុប្បន្នក្រោយសួរនាំ ជនសង្ស័យទាំង០២នាក់ និងម៉ូតូសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

មតិយោបល់