ភ្នំពេញៈ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងថា អ្នកសង្កេតការណ៍ទាំងអស់ ត្រូវតែពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ នៅពេលចូលរួមសង្កេតការណ៍ក្នុងមណ្ឌលប្រឡង។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា អ្នកសង្កេតការណ៍មិនត្រូវឈរស្ងៀមទេ ត្រូវតែពិនិត្យគ្រប់សកម្មភាពរបស់សមត្ថកិច្ច គណៈមេប្រយោគ អនុរក្ស ជាពិសេសបេក្ខជនប្រឡងផ្ទាល់តែម្ដង។ លោកថ្លែងបែបនេះ នៅក្នុងពិធីជួបអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ នៅសាលាតិចណូ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លោក ហ៊ុន ម៉ានី។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមទៀតថា អ្នកសង្កេតការណ៍ត្រូវចេះច្បាប់អំពីបទបញ្ញត្តិអំពើពុករលួយ ទើបអាចសង្កេតការណ៍ឃើញច្បាស់ដូចមើលកុន។ លោកបន្តថា បទបញ្ញតិ្តធ្វើខុសមានទោស បេក្ខជនមិនព្រមយកឧបករណ៍ចេញពីខ្លួននៅពេលដែលអ្នកសង្កេតការណ៍រកឃើញ មិនត្រូវអនុញ្ញាតឲ្យចូលប្រឡងនោះទេ ហើយលោកថា បើបេក្ខជនណាលួចចម្លងគ្នា ពេលចាប់បានត្រូវឲ្យពិន្ទុសូន្យ៕
មតិយោបល់