ព័ត៌មានជាតិ

តើអ្នកដឹងទេ ហេតុអ្វីនៅតាមបណ្តាយផ្លូវចេញពីរាជធានីភ្នំពេញទៅខេត្ត តម្រូវឱ្យមានបង្គោលគីឡូម៉ែត្រ?

បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ៖ បង្គោលសញ្ញានេះ ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីចម្ងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។
រង្វង់លេខ1៖ លេខ 17 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 17 ឬបានចម្ងាយប្រវែង 17 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើម ឬចំណុចបំបែកនៃផ្លូវ។
រង្វង់លេខ2៖ មេបុណ្យ (Mebon) 20km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌សនេះ បានន័យថានៅចម្ងាយ 20km ទៀតអ្នកធ្វើដំណើរនឹងទៅដល់ឃុំមេបុណ្យ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សូមបញ្ជាក់ផងដែរថា បង្គោលគីឡូម៉ែត្រនៅក្នុងរូបនេះ ជាបង្គោលគីឡូម៉ែត្រស្ថិតនៅលើផ្លូវជាតិលេខ១១ ដែលបំបែកចេញពីផ្លូវជាតិលេខ១ បានចម្ងាយប្រវែង១៧ គីឡូម៉ែត្រ។
ចំណាំ៖ លេខបង្គោលដែលនៅលើផ្ទៃក្រហម បង្ហាញអំពីចម្ងាយផ្លូវ៖
– ចេញពីរាជធានីភ្នំពេញ ចំពោះផ្លូវជាតិដែលមានលេខ ១ខ្ទង់
– ចេញពីចំណុចបំបែក ចំពោះផ្លូវជាតិដែលមានលេខ ២ខ្ទង់ និងផ្លូវខេត្តដែលមានលេខ ៣ខ្ទង់។
ក្រសួង សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយ:កម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប បង្គោលសញ្ញា ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវ ដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។
សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព។

ប្រភព៖​​​​​​​ ក្រសួងសាធារណការ និងដឹកជញ្ជូន

មតិយោបល់