ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ចំនួន០៣នាក់

កណ្ដាល: នៅថ្ងៃអាទិត្យ ០៦រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩ និង ៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់០៣នាក់ ចន្លោះគីឡូម៉ែត្រ​ ១៩-២០ ចំណុចលើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក ស៊ុយស៊ូគី ស្មាសវី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BW-៧០០៤ បើកបរដោយឈ្មោះ ដុះ វ៉ាន់ធី (ស្លាប់នៅមន្ទីរពេទ្យ) ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ភ្នំពេញ មានអ្នករួមដំណើរចំនួន០២នាក់ របួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលបើកមកពីទិសខាងលិច ទៅទិសខាងកើត (កំពង់ស្ពឺ-ភ្នំពេញ) ។ លុះដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតមកឆ្វេង ចូលចំណែកផ្លូវយាន្តម្ខាងទៀត បុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១AN-៨៤១៣ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ របួសធ្ងន់ ដែលបើកមកពីទិសខាងកើតទៅលិច (ភ្នំពេញ-កំពង់ស្ពឺ) ក្នុងទិសដៅបញ្ច្រាសគ្នា ។

សេចក្ដីសន្និដ្ឋាន៖ ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ ស្មាសវី បើកបរមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន ។ ក្រោយពេលកើតហេតុ ចំពោះសាកសពអ្នកបើកបរ ម៉ូតូស្មាសវី កម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯមធ្យោយបាយ កម្លាំងជំនាញបាន ធ្វើការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក អង្គស្នួល ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕

មតិយោបល់