មេដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុមតាលីបង់ (Taliban) បានបញ្ជាក់ប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមតាលីបង់កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការប្រកាសគណៈរដ្ឋមន្ត្រីថ្មីមួយ ដែលត្រូវគេរំពឹងថានឹងរួមបញ្ចូលសមាជិកទាំងអស់នៃក្រុមប្រឹក្សា Rahbari Shura ដែលជាក្រុមប្រឹក្សាដឹកនាំរបស់ក្រុមនេះ។
មេបញ្ជាការកំពូលរបស់ក្រុមតាលីបង់លោក Hibatullah Akhundzada កំពុងរៀបចំកិច្ចពិគ្រោះយោបល់នៅក្នុងទីក្រុង Kandahar ដែលត្រូវបានគេស្គាល់ថាជាកន្លែងកំណើតរបស់ក្រុមតាលីបង់។
កិច្ចពិគ្រោះយោបល់នេះមានការចូលរួមពីអនុប្រធានរបស់លោកផងដែរ គឺលោក Sirajuddin Haqqani ដែលជាប្រធានបណ្តាញក្រុមហាក់ហ្គានី (Haqqani) និងលោក Mullah Mohammad Yaqoob ដែលជាកូនប្រុសរបស់ស្ថាបនិកក្រុមតាលីបង់លោក Mullah Omar និងជាប្រធានគណៈកម្មការយោធាតាលីបង់។
លោក Sher Mohammad Abbas Stanikzai មេដឹកនាំជាន់ខ្ពស់ម្នាក់ទៀតនៃក្រុមតាលីបង់ បានបញ្ជាក់ក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា៖ «បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំតាលីបង់កំពុងពិគ្រោះយោបល់ជាមួយក្រុមជាតិសាសន៍ភាគតិចផ្សេងៗ គណបក្សនយោបាយ និងក្នុងរង្វង់ក្រុមរបស់ខ្លួនផ្ទាល់អំពីការបង្កើតរដ្ឋាភិបាលដែលអាចទទួលយកបាននិងទទួលស្គាល់ទាំងក្នុងនិងក្រៅប្រទេសអាហ្វហ្គានីស្ថាន»។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabiullah Mujahid បានប្រាប់ VOA ថា ដំណើរការនេះ «ជិតបញ្ចប់ហើយ»។
លោកបាននិយាយថា គណៈរដ្ឋមន្ត្រីអាចមានសមាជិកច្រើនជាង ២៦ នាក់ ហើយអាចរាប់បញ្ចូលអ្នកផ្សេងទៀតក្រៅពីសមាជិកក្រុមប្រឹក្សាដឹកនាំ៕
មតិយោបល់