ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យប៉ើងបុរសម្នាក់បាក់.កស្លាប់មួយរំពេច នៅលើថ្នល់ទាំងកណ្ដាលភ្លៀង

ភ្នំពេញ: កាលវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ ស្ថិតតាមបណ្ដោយផ្លូវ២០១១ ចំណុចជិតផ្សារឈូកមាសក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហឹម សុគុន ភេទប្រុស អាយុ ៣៣ឆ្នាំ មានស្រុកកំណើតភូមិខ្មៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម (ស្លាប់) បើកបរម៉ូតូម៉ាក ឌ្រីមសង់០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IE 6490 ។
រថយន្តបង្ក មិនចាំម៉ាកបើករត់គេចស្រមោល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ បើកបរម៉ូតូធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមិនចាំម៉ាកបើកមកពីក្រោយ បុកយ៉ាងពេញទំហឹងប៉ើងជនរងគ្រោះជាច្រើនម៉ែត្រ បណ្ដាលឲ្យបាក់.ក ស្លាប់នៅលើថ្នល់ទាំងកណ្ដាលភ្លៀងកំពុងធ្លាក់ ហើយរថយន្តបង្កបន្ថែមល្បឿនបើករត់គេចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ ចុះវាស់វែងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំស្រាវជ្រាវរករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ចំពោះសពជនរងគ្រោះធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់