ព័ត៌មានជាតិ

បុរសម្នាក់បើកកង់បីឥណ្ឌាមកលោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតចោលប្រពន្ធ និងកូនតូច ២នាក់

ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា មួយគ្រឿងបានមកលោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតចោលប្រពន្ធ កូនតូច ២នាក់ ហើយបានបន្សល់ទុក ស្បែកជើងមួយគូរ ទូរស័ព្ទដៃមួយគ្រឿង លុយមួយចំនួន និងកង់បីមួយគ្រឿងនៅកន្លែងកើតហេតុ។

ករណីនេះបង្កមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានដឹងថា ជនរងគ្រោះឈ្មោះ តូច វណ្ណា អាយុ ៣០ឆ្នាំ មុខរបរអ្នកគួកជេរ ម៉ូតូនៅអូរឬស្សី តែរកមិនសូវបានទើបទិញម៉ូតូកង់បីរត់ដើម្បីរកចំណូលបន្ថែម ។ ហើយនៅយប់កើតហេតុជនរងគ្រោះ បានបើកម៉ូតូកង់បីឥណ្ឌាពណ៌លឿង ពាក់ស្លាកលេខស្វាយរៀង 1N-2912 ឡើងមកដល់ហួសពាក់កណ្តាលស្ពាន ជនរងគ្រោះបានឈប់ម៉ូតូកង់បី ហើយបានទុកស្បែកជើងមួយគូរ ទូរស័ព្ទដៃមួយគ្រឿង លុយមួយចំនួន និងកង់បីមួយគ្រឿងនៅកន្លែងកើតហេតុ រួចក៏លោតចុះបាត់ទៅ។

បច្ចុប្បន្នម៉ូតូកង់បី និងសម្ភារៈរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ទុកប្រគល់ជូនក្រុមគ្រួសារវិញ៕

មតិយោបល់