ព័ត៌មានជាតិ

កូរ៉េខាងជើង អួតថាខ្លួនជាប្រទេសតែមួយគត់ ដែលហ៊ានប្រឆាំងជាមួយ សហរដ្ឋអាមេរិក

(សេអ៊ូល)៖ កូរ៉េខាងជើង បានអួតថាខ្លួនគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោកដែលមាន អាវុធនុយក្លេអ៊ែរ និងមីស៊ីលទំនើបៗ ព្រមទាំងជាប្រទេសតែមួយគត់ដែលហ៊ានប្រឆាំងជាមួយសហរដ្ឋអាមេរិក។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាក់ថា «សព្វថ្ងៃ បណ្ដាប្រទេសជាច្រើនកំពុងខ្ជះខ្ជាយ ពេលវេលាដោះស្រាយជាមួយសហរដ្ឋអាមេរិក ដោយការចុះញ៉ម និងស្ដាប់បង្គាប់ទាំងងងឹតងងុល។ នៅលើពិភពលោក មានតែប្រទេសរបស់ពួកយើង តែមួយគត់ដែលអាចអង្រួនពិភពលោកតាមរយៈការធ្វើតេស្ដមីស៊ីលដែលអាចបាញ់ដល់គ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក»។

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានផ្ទុះឡើងជាថ្មី ក្រោយទីក្រុងព្យុងយ៉ាងចាប់ផ្ដើមបាញ់សាកល្បងមីស៊ីលឡើងវិញជាបន្តបន្ទាប់ ក្នុងនោះរួមមានទំាងមីស៊ីល បាលិស្ទីគដែលស្ថិតនៅក្រោមការហាមឃាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កាលពីខែមករាកន្លងទៅ របបដឹកនាំលោក គីម ជុងអ៊ុន បានធ្វើតេស្ដមីស៊ីលដល់ទៅ ៧លើក ដោយមានទាំងមីស៊ីលល្បឿនលឿងជាងសំឡេង និងមីស៊ីល Hwasong-12 ជាប្រភេទមីស៊ីលមានសមត្ថភាពបាញ់ដល់ មូលដ្ឋានទ័ព ឬដែនដីរបស់សហរដ្ឋអាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក៕

ប្រភព៖​​​​​​ AFP

មតិយោបល់