ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ បើកវ៉ាជែងជ្រុលឡើងសួនច្បារបុករះ បាក់បង្គោលភ្លើងគោមបំភ្លឺផ្លូវ១ដើម

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកបោះពួយក្នុងល្បឿនលឿន វ៉ាជែងយានយន្តមួយគ្រឿង ក៏បានជ្រុលចង្កូតឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវជាតិលេខ៦ បុករះបណ្តាលឲ្យបែកផើងកូនឈើ២ដើម និងបង្គោលភ្លើងមួយដើម រលើងទាំងគ្រឹះបាក់រាបដល់ដី ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ០១និង៤០នាទីរសៀលថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០២១ នៅចំណុចផ្លូវជាតិ៦ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តបង្កគ្រោះថ្នាក់ជារថយន្តក្រឡុកស៊ីម៉ងត៍ ម៉ាក HINO ពណ៌ស ស្លាកលេខភ្នំពេញ 5A 3327 បើកបរដោយឈ្មោះ ឈឹង សាល ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបានធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានីភ្នំពេញ ដោយល្បឿនលឿន ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានវ៉ាជែងយានយន្តមួយគ្រឿង ក្នុងទិសដៅស្របគ្នាបណ្តាលឱ្យជ្រុលចង្កូតទៅឆ្វេងដៃ បុកឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវ ។

ប្រភពបន្តថានៅក្នុងគ្រោះថ្នាក់ រថយន្តបានបុករះប្រមាណជាង១០ម៉ែត្រ ទៅបុកផើងដាំកូនឈើបែកអស់២ផើង និងបាក់បង្គោលភ្លើង បំភ្លឺផ្លូវ១ដើមរលើងទាំងគ្រឹះ ហើយរថយន្តជិះលើសួន និងកិនបង្គោលភ្លើងជាប់តែម្តង ។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួនផងដែរ ។

បន្ទាប់ពីកើតហេតុគ្រោះថ្នាក់រថយន្ត និងអ្នកបើកបរ ត្រូវបាននគរបាលចុះទៅវាស់វែង នាំយកទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយសងការខូចខាត ៕

មតិយោបល់