ភ្នំពេញៈ រថយន្តកូរ៉េមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន បំណងទៅដឹកត្រីយកទៅលក់បន្ត ដោយតៃកុងរថយន្តងងុយដេកក៏ងោ មួយភាំងធ្វើឲ្យរេចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងសញ្ញាប្រុងប្រយ័ត្ន និងបង្គោលស្លាកប៉ាណូ រួមជាមួយបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រាបដល់ដី កាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ក្បែរវត្តក្តីតាកុយ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកូរ៉េមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ជារថយន្តដឹកត្រី ពាក់ស្លាកលេខ ភ្នំពេញ 3F-4741 មានអ្នករួមដំណើរប្រុសស្រីជាមួយ ដោយបានធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ដែលទើបតែបើកមកពីអ្នកលឿង បំណងទៅផ្សារច្បារអំពៅ ដើម្បីទិញត្រីយកទៅលក់បន្តនៅអ្នកលឿងវិញ ។
លុះមកដល់ត្រង់ចំណុចកើតហេតុ មិនទាន់និងបានទិញត្រីផង ក៏ស្រាប់អ្នកបើកបររថយន្តងងុយដេក រួចក៏ងោកមួយភាំង ធ្វើឲ្យរថយន្ត ជ្រុលចង្កូតឡើងខឿនសួនច្បារ ពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើងសញ្ញាប្រុងប្រយ័ត្ន (ពណ៌ លឿង ) បាក់អស់មួយបង្គោល ។ ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម បាក់ដួលដល់ដីមួយបង្គោល ។ តែរថយន្ត នៅតែមិនទាន់អស់ល្បឿនក៏បានបន្តទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវបាក់ដួលដល់ដីមួយដើមទៀត ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច កល់ជាប់លើសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាត ក្រពឹត និងបែកកញ្ចក់ ខាងមុខ ។ ភ្លាមៗនោះអ្នកបើកបររថយន្ត ក៏បានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ចោលរថយន្តនិងអ្នករួមដំណើរជាមួយតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយនឹងសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀត ៕
មតិយោបល់