ព័ត៌មានជាតិ

ក្រុមប្រឹក្សាឃុំម្នាក់ បើកម៉ូតូមួយគ្រឿងឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលឲ្យដួលរងរបួសធ្ងន់

កណ្តាល: នៅថ្ងៃសៅរ៍ ០៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៤និង៤០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ក្រុមប្រឹក្សាឃុំម្នាក់ បើកម៉ូតូមួយគ្រឿងឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រង់ចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាក Honda PCX ពណ៌ស ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1AK 8641 បើកបរដោយឈ្មោះ ជា ឈន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្រុមប្រឹក្សាឃុំភូមិធំ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរឆ្លងផ្លូវជាតិលេខ១ ចូលមកសាលាឃុំភូមិធំ ។ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក់ សាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 1AX 4558 បើកបរដោយឈ្មោះ ទុំ ចាន់ថន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដែលបើកមានទិសដៅពី ភ្នំពេញអ្នកលឿង បុកម៉ូតូបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។ ចំណែករថយន្ត និងម៉ូតូខូចស្រាល ត្រូវបានកម្លាំងជំនាញ ចរាចរណ៍យកមករក្សាទុក ជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់