(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុនបានទទួលស្គាល់ពីការរកឃើញករណីឆ្លងនៃវីរុសកូវីដ-១៩ បំប្លែងថ្មី Mu (មុយ) ជាលើកដំបូងចំនួន២ករណី កាលពីខែមិថុនា និងខែកក្កដាកន្លងទៅ កំឡុងការត្រួតពិនិត្យនៅឯអាកាសយានដ្ឋាន។
បើតាមក្រសួងសុខាភិបាលជប៉ុន ករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Mu ទាំង២ករណីខាងលើ ត្រូវបានរកឃើញនៅលើស្ត្រីម្នាក់មានអាយុប្រហែល ៤០ឆ្នាំ ដែលបានធ្វើ ដំណើរពីប្រទេសអេមីរ៉ាតអារ៉ាប់រួម មកដល់ជប៉ុនកាលពីថ្ងៃទី២៦ ខែមិថុនា និងស្ត្រីម្នាក់ទៀតមានអាយុ ៥០ឆ្នាំ ដែលធ្វើដំណើរពីចក្រភពអង់គ្លេសមកដល់ជប៉ុន កាលពីថ្ងៃទី០៥ ខែកក្កដាកន្លងទៅនេះ។
វីរុសបំប្លែងថ្មី Mu ត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសកូឡុំប៊ីកាលពីខែមករា ឆ្នាំ២០២១ ហើយវាត្រូវបានអង្គការសុខភាពពិភពលោក WHO ចាត់បញ្ចូលទៅក្នុងបញ្ជី នៃវីរុសកូវីដ-១៩ បំប្លែងថ្មីដែលគួរចាប់អារម្មណ៍ ខណៈការសិក្សាបឋមបង្ហាញថា Mu ទំនងជាអាចធន់នឹងវ៉ាក់សាំងកំពុងប្រើនាពេលបច្ចុប្បន្ន៕
ប្រភព៖ Japan Times
មតិយោបល់