ព័ត៌មានជាតិ

ពិតជាខ្លាំងមែន! ជនសង្ស័យម្នាក់នេះ ហ៊ានធ្វើសកម្មភាពចូលលួចម៉ូតូដល់ក្នុងរោងចក្រ

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសន្តិសុខ និងប្រជាពលរដ្ឋ រួមទាំងម្ចាស់ម៉ូតូចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីលួចម៉ូតូបណ្តើរចេញ ពីក្នុងរោងចក្រ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅខាងមុខរោងចក្រ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សៀម សំ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះមានឈ្មោះ សន សារឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិកម្រៀង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យលួចយកម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០២១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HW-0644 ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានចេញពីផ្ទះមកធ្វើការរោងចក្រនៅកន្លែងកើតហេតុដូចធម្មតា ដោយម៉ូតូដាក់នៅខាងក្នុងដោយមានសន្តិសុខយាមនិងកឹបសំបុត្រ រហូតមកដល់ម៉ោងកើតហេតុ ដោយដល់ម៉ោងសម្រាកហូបបាយ ពេលជនរងគ្រោះដើរមកកន្លែងយកម៉ូតូ ស្រាប់តែឮសន្តិសុខដែលយាមនៅក្នុងរោងចក្រ បានស្រែកថាចោរៗ ទើបជនរងគ្រោះ រត់ទៅមើលក៏ឃើញជនសង្ស័យ កំពុងបណ្តើរម៉ូតូចេញ ក៏នាំគ្នាដេញឃាត់ខ្លួនបានភ្លាមៗ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកនាំខ្លួន ទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១តែម្តង ។

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះរួច សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកម៉ូតូប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់