ពាក់ព័ន្ធនឹងនាវាដឹកប្រេង MT Strovolos និងប្រេងឆៅប្រមាណ៣០ម៉ឺនបារ៉ែលរបស់កម្ពុជា ដែលត្រូវបានឥណ្ឌូណេស៊ីចាប់ ក្រោយបើករត់គេចពីកម្ពុជា ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា ទំនិញជាប្រេងឆៅ នៅលើនាវា MT Strovolos គឺជាប្រេងឆៅរបស់កម្ពុជា។ វិវាទពាក់ព័ន្ធនឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់ ឬ អ្នកគ្រប់គ្រងនាវា និង អ្នកជួលនាវា ហើយវិវាទនេះ មិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។
នាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ និង ដោយសម្ងាត់ហើយនាវានេះ បានបន្តធ្វើដំណើររហូតដល់ដែនទឹក នៃប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែង ដែលនាវានោះត្រូវបានឃាត់ទុក និងសកម្មភាពទាំងឡាយរបស់នាវា MT Strovolos បានរំលោភច្បាប់ប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូណេស៊ី ហើយបច្ចុប្បន្ន អ្នកពាក់ព័ន្ធកំពុងតែត្រូវបានស៊ើបអង្កេតដោយតុលាការមានសមត្ថកិច្ច។
ក្រសួងរ៉ែ និងថាមពល តាមរយៈសេចក្តីប្រកាសរបស់ខ្លួនឲ្យដឹងទៀតថា បញ្ហានៃការប្តូរនាវិក ឬ ការចាក់ប្រេងនេះ មិនអាចយកមកធ្វើជាលេស ដើម្បីឲ្យនាវា MT Strovolos ចាកចេញ និងយកប្រេងឆៅកម្ពុជា ទៅជាមួយ ដោយមិនអនុលោមតាមច្បាប់កម្ពុជាឡើយ។ កម្ពុជាបានចោទប្រកាន់ថា ក្រោយពេលដែលនាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ នាវានេះមិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬដឹកប្រេងឆៅមកដែនទឹកកម្ពុជាវិញឡើយ បើទោះបីជាម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និង នាវិកនៅលើនាវានេះ បានដឹងយ៉ាងច្បាស់ថាប្រេងឆៅនៅលើនាវារបស់ខ្លួន គឺជាទ្រព្យសម្បត្ដិរបស់កម្ពុជា។
រដ្ឋាភិបាលកម្ពុជា ក្នុងនាមជាម្ចាស់នៃប្រេងឆៅ បានអះអាងថា កម្ពុជានឹងបន្តចាត់វិធានការផ្សេងៗទៀតដែលចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ។ ទន្ទឹមគ្នានេះ ប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានដាក់បណ្ដឹងមួយចំនួនប្រឆាំងនឹងម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និងបក្សពួក ដែលពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ក្រោមច្បាប់កម្ពុជា ហើយបណ្ដឹងទាំងនេះ កំពុងត្រូវបានតុលាការមានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។
កម្ពុជា ក៏បានស្នើសុំជំនួយពី រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីនាំខ្លួនជនល្មើស និងបក្សពួករបស់គេ មកផ្តន្ទាទោស និង ដើម្បីយកប្រេងឆៅកម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិផងដែរ។
មតិយោបល់