ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ មនុស្សប្រុសស្រី៦០នាក់ ត្រូវបានកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបនិងឃាត់ខ្លួន ត្រង់ចំណុចទីតាំងកន្លែងកម្សាន្ត យីហោ« ប៊្លូឆីលី » តាមបណ្ដោយផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បន្ទាប់ពីនាំគ្នាចូលទៅផឹកស៊ីរាំលេងកម្សាន្ត ដែលល្មើសនិង វិធានការរដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការណ៍នេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការចុះត្រួតពិនិត្យក្នុងតំបន់មិនរៀបរយ និងល្បាតមូលដ្ឋានទៅលើអាជីវកម្ម ហាមឃាត់រួមមាន ក្លឹប KTV រង្គសាល ឌីស្កូថែប បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ ទាំង១១ នាខណ្ឌដូនពេញ ទើបប្រទះឃើញទីតាំងខាងលើ បានលួចបើកក្លឹបកម្សាន្ត ទទួលភ្ញៀវចូលផឹកស៊ី រាំរែក ពពាក់ពពួនគ្នាយ៉ាងច្រើនកុះករ ទើបកម្លាំងអាជ្ញាធរជំនាញ ធ្វើការចូលទៅឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុប ៦០នាក់ ស្រីចំនួន២១និងប្រុស ៣៩នាក់ បរទេសចំនួន ៣៩នាក់ព្រមទាំងដកហូតវត្ថុតាងជាច្រើនផងដែរ ។
ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រី ៦០នាក់ ខាងលើរួចហើយ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដឹកពួកគេទៅកាន់សាលាបឋមសិក្សាវត្តភ្នំ ទាំងយប់ ដើម្បីធ្វើតេស្ដ រកមេរោគកូវីដ-១៩ និងជំងឺបម្លែងថ្មីដែលតា ដោយអនុវត្តន៍តាមនីតិវិធីច្បាប់៕
មតិយោបល់