កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣០នាទីមានករណីហិង្សាដោយចេតនានៅចំណុច ផ្ទះរបស់ឈ្មោះ ឌឹម សុផុន (ឪពុកជនសង្ស័យ) ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ទឿង វី ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ ឌឹម មករា ហៅ ក្រឹម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក៖ ខ្សែក្រណាត់ ចំនួន ០១ខ្សែ មានប្រវែង ៩៣ស.ម ។
ផលប៉ះពាល់បណ្ដាលអោយជនរងគ្រោះមានរបួសស្រាល និងរងការភិតភ័យ ។
នៅថ្ងៃ ខែ ឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះកង់មកលេងជាមួយនឹងក្មួយៗរបស់ជនសង្ស័យនៅចំណុចកើតហេតុ ពេលនោះជនសង្ស័យបានប្រើក្មួយរបស់ខ្លួនអោយទៅទិញបារីអោយខ្លួនជក់ បន្ទាប់មកក្មួយរបស់ជនសង្ស័យបានមកខ្ចីកង់ពីជនរងគ្រោះជិះទៅទិញបារីអោយពូរបស់ខ្លួន ប៉ុន្ដែជនរងគ្រោះមិនអោយខ្ចីកង់ ទើបជនសង្ស័យបានប្រើហិង្សាវាយទៅលើជនរងគ្រោះចំនួនពីរដៃ និងបានយកខ្សែរឹតកជនរងគ្រោះទៀតផង ។ ខណៈពេលកំពុងធ្វើសកម្មភាពរឹតកជនរងគ្រោះនោះ ក្មួយៗរបស់ជនសង្ស័យបាននាំគ្នាស្រែកទើបជនសង្ស័យភ័យ ក៏បានទម្លាក់ជនរងគ្រោះចុះ ។ បន្ទាប់មកក្មួយៗរបស់ជនសង្ស័យបានយករឿងទាំងអស់ប្រាប់ទៅតារបស់ខ្លួន (ឪពុកជនសង្ស័យ) ទើបគាត់នាំក្មេងៗ និងជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាលអោយជួយអន្តរាគមន៍ ។
ក្រោយពេលទទួលបានបណ្ដឹងពីជនរងគ្រោះខាងលើភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប្រទាល បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្ដង ។
កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន ០១លើក រយៈពេល ២ឆ្នាំ ៦ខែ កាលពីឆ្នាំ២០០៨ ក្នុងករណីៈ ប្លន់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយប្រទាលធ្វើកិច្ចសន្យាអប់រំចំនួន ០១លើក ករណីហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ថ្មីៗនេះ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលបានធ្វើតេស្ដយកសំណាករកមេរោគកូវីត-១៩ លើជនសង្ស័យរួចរាល់ហើយ លទ្ធផលគឺ អវិជ្ជមាន (-) ។
មតិយោបល់