ព័ត៌មានជាតិ

របួសធ្ងន់ស្រាល០២នាក់ បន្ទាប់ពីជិះម៉ូតូលឿន ជ្រុលទៅបុកបង្គោលទ្វាររបស់ប្រជាពលរដ្ឋ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល០២នាក់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២និង៤០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញបុរស០២នាក់ជិះម៉ូតូម៉ាក RAVDER ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BI-7703 ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ ដោយសារសភាពផ្លូវកោង សង្ស័យបើកលឿននិងកាច់ចង្កូតមិនទាន់ ទើបជ្រុលទៅបុកបង្គោលដែកពេញទំហឹង សម្រាប់ដាក់អំពូល និងទ្វារសម្រាប់បិទបើកចេញចូលក្នុងផ្ទះ បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាលទាំង០២នាក់ និងបញ្ជូនទៅសង្រ្គោះភ្លាមៗតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ និងម៉ូតូរបស់ជនរងគ្រោះមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងក្រសាំង រង់ចាំប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់