ព័ត៌មានជាតិ

រាជរដ្ឋាភិបាលប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល

ភ្នំពេញ៖ អញ្ជើញថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៨តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ។ ទាក់ទងបញ្ហានេះសម្តេចបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ៖

ទី១-អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្ដីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ទីស្ដីការគណ:រដ្ឋមន្រ្តី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការអនុវត្តវិធានការ លើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយចំពោះយានយន្តឯកជនដែលជ្រោកក្រោមផ្លាកលេខក្រសួងស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ ខ.ម និងន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ច ពន្ធនិងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីគយ។

ទី២-ចំពោះម្ចាស់រថយន្ត ឯកជនជ្រកក្រោមផ្លាកលេខរដ្ឋផ្លាកលេខ ខ.ម និងន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមកបង់ពន្ធ និងអាករឱ្យបាន មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ នៃប្រាក់ពន្ធអាករសរុបពី ១០០% មកត្រឹមតែ៩០%។ ប៉ុន្តែចំពោះរថយន្តទំនើបដែលទើបនាំចូលក្នុង ឆ្នាំ២០២១ ត្រូវបង់ពន្ធ និងអាករ ១០០% ដដែល។

ប្រសិនជាម្ចាស់យានយន្តមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករនោះទេ គឺក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវយកពន្ធ និង អាករពេញ១០០% ព្រមទាំងត្រូវទទួលរងការផាកពិន័យទៀត។

ទី៣- ចំពោះម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ហើយទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅកែចង្កូត ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅមិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណ:ទៀតនោះឡើយ លើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណ:ពិសេសដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាមជាដើម។

សម្តេចបន្តថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយគយ ដើម្បីបង្កើនសកម្មភាពទប់ស្កាត់និង បង្ក្រាបរថយន្តគ្មានពន្ធ។ ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបាន រថយន្តសេរីទំនើបគ្មានពន្ធ ដែលម្ចាស់ជាមេទ័ពមេប៉ូលិស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាលតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាជាដើម ដែលមិនគោរពច្បាប់ និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវ រាយការណ៍ អំពីអត្តសញ្ញាណម្ចាស់រថយន្ត ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញចេញពីគណបក្សថែមទៀត។ ទី៥-ទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត៕ អត្ថបទ៖ មុត សុទ្ធ ​

ប្រភព៖​​​​​​ BTV

មតិយោបល់