ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតកម្ម

តាកែវ: នៅថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ១០នាទី មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ស្ថិតនៅត្រង់ចំណុច ភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ។

ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ព្រោក ហ៊ី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ បានយកកាំបិតនិងញញួរដេញកាប់ទៅលើឈ្មោះ ឈាង សី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ មានលំនៅភូមិ-ឃុំ ជាមួយគ្នា បានរងរបួសស្រាល ។

ក្រោយពីបានទទួលបានព័ត៌មានភ្លាម ដោយបានការចង្អុលបង្ហាញពីឯកឧត្តមស្នងការនគរបាលខេត្ត និងការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ ចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីសាកសួរ និងកសាងសំណុំ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់