ព័ត៌មានជាតិ

បុរសជាអ្នកលក់ត្រីម្នាក់ត្រូវរថយន្តបុកស្លាប់ ពេលជិះម៉ូតូទៅយកត្រីដើម្បីលក់បន្ត…

ភ្នំពេញ: កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ត្រង់ចំណុចក្បែរខាងត្បូងឃ្លោងទ្វារវត្តសំរោងអណ្ដែត ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡុក ថុន អាយុ ៦៥ឆ្នាំ ជាអាជីវករលក់ត្រី នៅផ្សារចោមចៅ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

រថយន្តបង្កមិនចាំម៉ាកបើករត់គេចបាត់ស្រមោល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ទឹកក្រូច គ្មានស្លាកលេខ និងមានដឹកឡាំងសម្រាប់ដាក់ត្រីពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីត្បូងទៅជើង ទើបជិះចេញពីផ្ទះបំណងទៅយកត្រីនៅឯព្រែកព្នៅ ដើម្បីយកមកលក់បន្តវិញនៅផ្សារចោមចៅ លុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកស្របទិសគ្នាមកពីក្រោយម៉ូតូរបស់ជនរងគ្រោះក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលចង្កូតបុកម៉ូតូចំពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតផ្លោងទៅខាងមុខជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំ និងអ្នកបើកបរម៉ូតូបានខ្ទាតផ្លោងទៅលើខឿនតាមចិញ្ចើមផ្លូវបោកក្បាលស្លាប់ភ្លាមៗ ចំណែកឯរថយន្តបង្កបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រីឯសពប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់