ព័ត៌មានជាតិ

អាហ្វ្រិកខាងលិច៖ យោធាហ្គីណេធ្វើរដ្ឋប្រហារ និងចាប់ខ្លួនប្រធានាធិបតី

(ហ្គីណេ)៖ យោធានៅក្នុងប្រទេសហ្គីណេ បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយចាប់ខ្លួនប្រធានាធិបតី និងបានដាក់បម្រាមគោចរគ្មានពេលវេលាកំណត់នៅក្នុងប្រទេសអាហ្វ្រិកខាងលិចដ៏ក្រីក្រមួយនេះ។

ទីភ្នាក់ងារព័ត៌មាន AFP ផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណម្នាក់ដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាយោធាហ្គីណេក៏បានរំលាយរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលចោលផងដែរ ខណៈព្រំដែនគោគ និងដែនអាកាសត្រូវបានបិទ បន្ទាប់ពីលោកប្រធានាធិបតីហ្គីណេ Alpha Conde ត្រូវបានចាប់ខ្លួន។

ចំណែកឯ អភិបាលខេត្ត ឬទីក្រុង រួមទាំងមន្ត្រីជាន់ខ្ពស់នានានឹងត្រូវបានតែងតាំងជាថ្មីដោយយោធា ស្របពេលសហគមន៍អន្តរជាតិនាំមុខដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើរដ្ឋប្រហារយោធានេះ ហើយស្នើឱ្យដោះលែងលោក Alpha Conde ជាបន្ទាន់៕

ប្រភព៖​​​​​​ AFP

មតិយោបល់