ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់ ជិះម៉ូតូលឿនប៉ះជាមួយកង់បី បណ្តាលឲ្យដួលបោកក្បាលស្លាប់

ភ្នំពេញ: នៅវេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នារីវ័យក្មេងម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលប៉ះជាមួយម៉ូតូកង់បី បណ្តាលឲ្យដួលបោកក្បាលស្លាប់ ស្ថិតតាមបណ្តោយផ្លូវលេខ១៩៧៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស៊ឹម ស្រីចាន់ ភេទស្រី អាយុ២០ឆ្នាំ មុខរបររត់តុ ស្នាក់នៅម្ដុំលូ៥ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តតាកែវ ។

នៅមុនពេលកើតហេតុ ខណ:មេឃកំពុងភ្លៀង គេបានឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក zoomer X ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1 FH-3509 ជិះតែម្នាក់ឯង តាមបណ្ដោយផ្លូវលេខ១៩៧៨ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ ជនរងគ្រោះបានគេចពីម៉ូតូកង់បី បើកបរបញ្រ្ចាសទិសគ្នាក៏ទៅប៉ះម៉ូតូកង់បីមួយគ្រឿងទៀត បើកស្របទិសគ្នា បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះមកដល់ពិនិត្យ និងធ្វើកំណត់ហេតុសាកសពជនរងគ្រោះ បន្ទាប់មកបានប្រគល់ទៅឲ្យសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់