ព័ត៌មានជាតិ

យុវជន២នាក់ បើកម៉ូតូលឿន ក្នុងស្ថានភាពស្រវឹង ដួលស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯងជិះម៉ូតូដួល នៅត្រង់ចំណុចផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុឧបទ្ទវហេតុនេះកើតឡើងតាំងពីវេលា ម៉ោង១៦និង០០នាទី នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដា វីន័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ពីត្បូងទៅជើង បោះពួយយ៉ាងលឿន ទំនងជាស្រវឹងស្រា ខណ:មកដល់ចំណុចកើតហេតុ ខាងលើ បានវាក់នឹងរថយន្តមួយគ្រឿង ចាប់ហ្វ្រាំង បោកដួលខ្លួនឯង បណ្តាលឲ្យស្លាប់អ្នករួមដំណើរម្នាក់ និងអ្នកបើកបររងរបួសធ្ងន់បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណ ទី១ឈ្មោះ ឡេង សុគន្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើកបរ រងរបួសធ្ងន់ នឹងទី២ឈ្មោះ យ៉ាន សុខអេន ភេទប្រុស អាយុ២២ឆ្នាំ អ្នករួមដំណើរ ស្លាប់ អ្នកទាំងពីររស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានបន្តថា ករណីគ្រោះថ្នាក់ នេះបណ្តាលមកពីកត្តា បើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង និងកត្តាល្បឿន លឿនទើបមានគ្រោះថ្នាក់បែបនេះ ៕

មតិយោបល់