ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យដោយធម្មជាតិ (រន្ទះបាញ់)០១លើក នៅភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស្វាយ វាសនា ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ បណ្តាលអោយឆេះតូបប៉ះកង់អស់ចំនួន០១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សរសរឈើក្រាក់លាយសសរឈើជ្រុងមានទំហំ០៣ម៉ែត្រ×០៤ម៉ែត្រសាងសង់នៅលើដីចំណីស្ទឹងនិងម៉ូតូម៉ាកកូនទាចំនួន០១គ្រឿង ម៉ាស៊ីនបំពង់ខ្យល់ចំនួន០១គ្រឿង និងសម្ភារគ្រឿងបន្លាស់កង់មួយចំនួនទៀត និងមិនប៉ះពាល់ដល់មនុស្សទេ។
ម្ចាស់តូបឈ្មោះឡឹប ភួង ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ករណីនេះសមត្ថកិច្ចបានចេញអន្តរាគមន៍ភ្លាមៗ និងបានប្រើប្រាស់រថយន្តអគ្គីភ័យចំនួន០២គ្រឿង ក្នុងនោះរថយន្ត អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន០១គ្រឿង និងរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន០១គ្រឿង។ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អគ្គិភ័យអស់ចំនួន០១រថយន្ត ទើប គ្រប់គ្រងស្ថានការបានទាំងស្រុង ៕
មតិយោបល់