ព័ត៌មានជាតិ

ផ្លោះរបងចូលផ្ទះពលរដ្ឋ លួចធុងបាស ៥គ្រាប់ លីចេញទាំងកណ្ដាលអាធ្រាត្រ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់ ភ្លាមៗ

បាត់ដំបង: នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣និង៩នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដា បានបង្ក្រាបករណីលួច (យកធុងបាស) ចំនួន ០១ ករណី នៅចំណុចក្រុមទី ០១ ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតឡើងនៅវេលាម៉ោងប្រហែល ២រំលងអាធ្រាត ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុច ក្រុមទី ០៨ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ចំនួន ២នាក់៖
១. ឈ្មោះ អឿន រុន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២.ឈ្មោះ វណ្ណា តុលា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅស្នាក់បណ្ដោះអាសន្ន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បានធ្វើសកម្មភាពផ្លោះរបងចូលក្នុងបរិវេណផ្ទះរបស់ប្រជាពលរដ្ឋ ហើយលួចយកធុងបាស ០១ ឈុត ចំនួន ០៥ គ្រាប់ ដែលជារបស់ជនរងគ្រោះឈ្មោះ សុត វ៉ិត ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំងពីរនាក់ បានលីធុងបាសនោះចេញមកក្រៅ ភ្លាមនោះក៏មានប្រជាពលរដ្ឋរាយការណ៍ ជូនដល់សមត្ថកិច្ច កម្លាំងជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានតាមស្រាវជ្រាវកំណត់មុខសញ្ញា ហើយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ព្រមទាំងដកហូតវត្ថុតាងយកមកកាន់អធិការនគរបាលស្រុកសំពៅលូនតែម្តង។

កិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្ម ចំនួន ០២ នាក់ មានឈ្មោះខាងលើ ចាត់ការបន្តតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងធុងបាស ០១ឈុត ដែលដកហូតបាននោះ ត្រូវបានកម្លាំងសមត្ថកិច្ចយើងប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញ ៕

មតិយោបល់