ព័ត៌មានជាតិ

មន្ត្រីក្រសួងព័ត៌មានជិត៧០រូបទទួលបានការបណ្តុះបណ្តាលជំនាញកម្មវិធី Java និង window

ភ្នំពេញៈ មន្ត្រីក្រសួងព័ត៌មានចំនួន៦៧រូប មកពីគ្រប់រាជធានី-ខេត្ត ទទួលបានការបណ្តុះបណ្តាលជំនាញកម្មវិធី Java និង window ពីអ្នកជំនាញមកពីកូរ៉េ ដើម្បីបង្កើនប្រសិទ្ធភាពការងារនិងស្របតាមសម័យប្រព័ន្ធបច្ចេកវិទ្យាឈានមុខ។

លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ នៃក្រសួងព័ត៌មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដោយគ្រូជំនាញស្ម័គ្រចិត្តជនជាតិកូរ៉េចំនួន៤រូប និងសហការជាមួយនឹងមន្ត្រីជំនាញ របស់ក្រសួងព័ត៌មាន ដោយចាប់ផ្តើមពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦ ដែលមានសិក្ខាកាមចូលរួមមកពីគ្រប់រាជធានីខេត្ត និងគ្រប់អគ្គនាយកដ្ឋានក្រោមចំណុះក្រសួងព័ត៌មាន។

អគ្គនាយករូបនេះបន្តថា ការបណ្តុះបណ្តាលជំនាញកម្មវិធី Java និង window នេះ គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពមន្ត្រីជំនាញព័ត៌មានវិទ្យា ដើម្បីឈានទៅរៀបចំរចនាសម្ព័ន្ធព័ត៌មាន និងសម្រាប់អភិវឌ្ឍន៍លើវិស័យព័ត៌មាន និងសោធនទស្សន៍ ស្របតាមផែនការរបស់អាស៊ាន និងពិពលោកក្នុងការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយទៅឌីជីថលនៅថ្ងៃអនាគត់។

លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុក ការបណ្តុះបណ្តាលជំនាញកម្មវិធី Java និង windowនេះ នឹងធ្វើឲ្យសិក្ខាកាមជាមន្ត្រីក្រោមឱវាទក្រសួងព័ត៌មានបានទទួលចំណេះដឹងថ្មីៗ ព្រមទាំងជំនាញបច្ចេកទេស សម្រាប់លើកកម្ពស់កម្រិតវិជ្ជាជីវៈឲ្យបានសមស្របតាមតាមស្ថានភាពសង្គម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាពិភពលោក «ចំពោះមន្រ្តីដែលបានរៀបចំជំនាញកម្មវិធី JAVA និង Window នេះគឺសំខាន់ណាស់ បើយើងមិនយល់ពីវាទេ គឺយើងមិនអាចរៀបចំគេហទំព័របានដោយជោគជ័យនោះទេ ការបណ្តុះបណ្តានេះស្របពេលដែលក្រសួងកំពុងជំរុញការផ្តល់ព័ត៌មានតាមបណ្តាញព័ត៌មានវិទ្យា»។

មន្ត្រីមកពីមន្ទីរព័ត៌មានខេត្តកំពង់ធំ កញ្ញា លី ស្រីល័ក្ខ បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីជំនាញកម្មវិធី Java និង Windowនេះ ធ្វើឲ្យកញ្ញាទទួលបានចំណេះដឹងបន្ថែមជាច្រើនទៀតលើផ្នែកព័ត៌មានវិទ្យា ។ ម្យ៉ាងការយល់ដឹងថ្មីលើជំនាញដែលមានស្រាប់ដែលកំពុងបម្រើការងារ ឲ្យយល់ដឹងកាន់តែច្បាស់លើការសរសេរកូដ ការប្រើប្រាស់ឧបករណ៍ និងការរក្សាទុកឯកសារឲ្យមានសុវត្ថិភាពឲ្យបានល្អប្រសើរជាងមុន។

កញ្ញាបានបញ្ជាក់ថា ក្រៅពីការសិក្សាលើផ្នែកសរសេរកម្មវិធី និងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Window និងLinux អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានផ្តល់ជំនាញបន្ថែមទៀតពីក្រមសីលធម៌ អ្នកសារព័ត៌មាន ការយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ការយល់ដឹងពីការងារតួនាទីភារកិច្ចរបស់ក្រសួងព័ត៌មាន ក្នុងការអនុវត្តការងារនាពេលបច្ចុប្បន្ន ពិសេសមួយទៀត គឺអាចយល់ដឹងពីការគ្រប់គ្រងប្រព័ន្ធព័ត៌មានពីប្រទេសកូរ៉េ និងចេះភាសាបានមួយចំនួនទៀតផង៕

មតិយោបល់