ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន១១៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការខាងលើធ្វើឡើងនៅចំណុចសំណង់មិនរៀបរយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទី ដោយមានការអនុញ្ញាតពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមផ្ទាល់ពីលោក ទេព សុវវាត្ថិ ក្រឡាបញ្ជីផងដែរ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជំហានដំបូងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតវត្ថុតាងមាន ក្រាមពណ៌សថ្លាចំនួន ៣កញ្ចប់ថង់ និងម៉ូតូ២គ្រឿង បន្ទាប់មកជំនាញបានធ្វើការសាកសួរ និងឈានទៅឃាត់ខ្លួនជនសង្ស័យនៅទីតាំងខាងលើបានចំនួន១១៦ នាក់ និងដកហូតម៉ូតូ ៨២គ្រឿងបន្ថែមទៀត ។
ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាននាំទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕
មតិយោបល់