ព័ត៌មានជាតិ

បុរសម្នាក់បើកបរម៉ូតូលឿន ជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យដួលបោលក្បាលស្លាប់

ភ្នំពេញ: នៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅ ដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យដួលបោកក្បាលនិងថ្នល់ ទល់មុខបុរីញូថោន ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ យាវ វិចិត្រ ភេទប្រុស អាយុ២៥ ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើកម៉ូតូ សណ្ដោងរ៉ឺម៉កមួយគ្រឿង មិនមានផ្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ មុខបុរីញូថោនស្រាប់តែមានបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ធំ 1K-2838 ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅស្របគ្នាពីកើតមកលិចក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយ ម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យដួលបោកក្បាលនិងថ្នល់ ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចធ្វើការវាស់វែងយករ៉ឺម៉ក និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគបាលខណ្ឌកំបូល រង់ចាំចាំដោះស្រាយនៅពេលក្រោយ ។ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់