កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣ និង១០នាទី មានករណីគំរាមកំហែងថានឹងសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនា បណ្ដាលអោយជនរងគ្រោះ ត្រូវជាម្តាយមានការភិតភ័យ ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះចំនួន០២នាក់៖ ១. ឈ្មោះ ប៉ោក ឃន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាឪពុកចុងជនសង្ស័យ)។២. ឈ្មោះ ស្រី នាង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ត្រូវជាម្ដាយបង្កើតជនសង្ស័យ) ទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ សន ភិរម្យ ហៅ កង្កែប ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូន) (មានផ្ទុកនូវសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ១. ដែកគាស់ ចំនួន ០១ដើម ។ ២. ដាវ ០១ដើម ធ្វើអំពីដែក ។ សម្ភារៈខូចខាត៖ ១.ជញ្ជាំងផ្ទះធ្វើអំពីស័ង្កសីជា ច្រើនសន្លឹក ។ ២. អណ្តូងបូមទឹក ចំនួន ០១ ។
កន្លងមកជនសង្ស័យជាកូន អោយតែប្រើប្រាស់គ្រឿងញៀនរួច ឬក៏ផឹកស្រាស្រវឹងតែងតែរករឿង ជេរប្រមាថ ទៅកាន់ជនរងគ្រោះ និងសមាជិកក្នុងគ្រួសារផ្សេងទៀតជាញឹកញាប់ ហើយថែមទាំងប្រើដាវយកទៅគំរាមកំហែង ចង់កាប់សម្លាប់ជនរងគ្រោះទាំងពីរនាក់ថែមទៀតផង ។ លុះនៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ជនសង្ស័យបានត្រលប់មកដល់ផ្ទះវិញ ក្នុងស្ថានភាពស្រវឹង ក៏បានមករករឿងម្តាយរួចក៏ អុកឡុកគ្រួសារដោយ ជេរប្រមាថ និងស្រែកគំរាមកំហែង ជនរងគ្រោះជាម្ដាយរបស់ខ្លួន បណ្ដាលឱ្យជនរងគ្រោះ មានការភិតភ័យជាខ្លាំង បន្ទាប់មកជនសង្ស័យ បានយកដែកគាស់ទៅធ្វើសកម្មភាព វ៉ៃទៅលើជញ្ជាំងផ្ទះ បណ្ដាលអោយធ្លុះធ្លាយ ជាច្រើនសន្លឹក និងបានវ៉ៃបំផ្លិចបំផ្លាញអណ្តូងបូមទឹកមួយទៀត ខណៈនោះជនរងគ្រោះ បានរត់គេចពីកន្លែងកើតហេតុ ហើយបានមករាយការណ៍ មកសមត្តកិច្ចប៉ុស្តិ៍នគរបាលទឹកវិល អោយជួយអន្តរាគមន៍ ។
ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកវិល បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់