ព័ត៌មានជាតិ

បុរសម្នាក់ទៅរកត្រីដោយប្រើឧបករណ៍ឆក់ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅវាលស្រែ

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ទៅរកត្រីបាត់០១យប់លុះព្រឹកឡើងឃើញដេកស្លាប់នៅភ្លឺស្រែវាលចុងប៉ោយថ្ងាន់ដោយឆ្លងចរន្តអគ្គីសនី(អាគុយនិងអាំងវេទ័រ) ស្ថិតក្នុងភូមិសាស្ត្រ ភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៧និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ។

ប្រភពព័ត៌មានពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឈឿយ ឧត្តម ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុ តាមការបំភ្លឺពីឈ្មោះ ចិ ឈឿយ អាយុ ៦៥ឆ្នាំ ត្រូវជាឪពុក រៀបរាប់ថា កូនប្រសាររបស់គាត់(ប្រពន្ធជនរងគ្រោះ) ប្រាប់ថា ប្តីរបស់នាងទៅរកត្រីតាំងពីយប់ម៉ោង០៩ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ មកទល់ម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា មិនទាន់ឃើញត្រឡប់មកផ្ទះវិញ ។ បន្ទាប់មកក៏នាំបងប្អូនដើររកក៏ប្រទះឃើញកូនរបស់គាត់ដេកស្លាប់ដោយអាគុយនៅជាប់នឹងស្មាខ្លួនធ្លាក់ទៅក្នុងទឹកក្បាលកើយភ្លឺស្រែ នៅវាលស្រែចុងប៉ោយថ្ងាន់ ចម្ងាយពីភូមិបឹងសិលា ២០០០ម៉ែត្រ ។

ប្រភពដដែលបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតគណ:កម្មការដើម្បីត្រួតពិនិត្យសាកសព តាមការសន្និដ្ឋានរបស់ក្រុមការងារបានឲ្យដឹងថាជនរងគ្រោះពិតជាស្លាប់ដោយឆ្លងចរន្តអគ្គិសនីចេញពីអាគុយមកអាំងវេទ័រខណ:ពេលដើរឆក់ត្រីតាមប្រឡាយប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មឡើយ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅចាក់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់