ព័ត៌មានជាតិ

ACE ផ្តល់សិទ្ធដល់ វេស្ទលែនដ៍ ចុះឈ្មោះធ្វើតេស្តអង់គ្លេស IELTS ដោយ IELTS

ភ្នំពេញ: ពិធីចុះអនុស្សារណ:ជាដៃគូរវាង IELTS Cambodia ជាមួយសាលាអន្តរជាតិ វេស្ទលែនដ៍ បានប្រារព្ធធ្វើឡើងនៅសាលាអន្តរជាតិវេស្ទ​លែន​ដ៍ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ។ការចុះធ្វើអនុស្សារណ:ជាដៃគូនេះ អនុញ្ញាតឲ្យសាលាអន្តរជាតិ វេស្ទលែនដ៍ក្លាយជាទីតាំងសម្រាប់​ការចុះឈ្មោះប្រឡង IELTS (IELTS Test Registration Location) ស្ថិតក្រោមការផ្តល់សិទ្ធិគ្រប់គ្រងដោយមជ្ឈមណ្ឌលតេស្ត IELTS នៅកម្ពុជា (IELTS Cambodia Official Test Centre)។

លោក លឹម ហូវថេង ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលតេស្ត IELTS នៅកម្ពុជា មានប្រសាសន៏ថា «យើងរីករាយក្នុងការស្វាគមន៍សាលាអន្តរជាតិ វេស្ទលែនដ៍ ដែលបាន​ក្លាយជាទីតាំងសម្រាប់ការចុះឈ្មោះប្រឡង IELTS ក្នុងខេត្តកណ្តាល។ ការចុះអនុស្សារណ:ជាដៃគូនេះ បញ្ជាក់ឲ្យឃើញពីការយល់ដឹងទូ​លំទូលាយពីសារ:សំខាន់នៃ​សមត្ថភាពភាសាអង់គ្លេស សម្រាប់ការសិក្សា និងការងារនៅក្រៅរាជធានី។ យើងនឹងធ្វើការងារ ជាមួយសាលាអន្តរជាតិ វេស្ទលែនដ៍ រួមគ្នាដើម្បីបង្កើន​ចំនួនសិស្សដែលចង់​ប្រឡង​តេស្ត IELTS»។

លោក ថន សុកលីម នាយកសាលាអន្តរជាតិ វេស្ទលែនដ៍ មានប្រសាសន៏ដែរថា «យើងចង់ជួយសិស្ស និស្សិតដែលរស់នៅទីក្រុងតាខ្មៅ ហើយមានបំណងចង់ធ្វើតេស្ត សម្រាប់ឱកាសសិក្សានៅបរទេស»។

លោក បានបន្ថែមថា សិស្សទាំងអស់មានឱកាសក្នុងការវាស់ស្ទង់កម្រិតភាសាអង់គ្លេសរបស់ខ្លួន តាមរយ:តេស្តអន្តរជាតិដែលទទួលស្គាល់ពេញពិភពលោក។ សិស្ស និស្សិត​ទាំងអស់នៅក្រុងតាខ្មៅ អាចចំណេញពេលវេលាច្រើនប្រសិនបើមានកន្លែងធ្វើតេស្តស្តង់ដាអន្តរជាតិ នៅសាលាអន្តរជាតិ វេស្ទលែនដ៍ ដូច្នេះពួកគេមិនចាំបាច់ធ្វើ​ដំណើរទៅភ្នំពេញទេ។

សូមបញ្ជាក់ថា IELTS ជាតេស្តភាសាអង់គ្លេសពេញនិយមបំផុតក្នុងពិភពលោក ជាមួយនឹងការធ្វើតេស្តជាងពីរលានជារៀងរាល់ឆ្នាំ ហើយស្ថាប័នជាង ៩០,០០០ ទទួលស្គាល់តេស្តមួយនេះលើការវាស់ស្ទង់កម្រិតភាសាអង់គ្លេស ៕

តេស្តអង់គ្លេស IELTS

តេស្តអង់គ្លេស IELTS

មតិយោបល់