ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកគ្នា ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យប្អូនប្រុសម្នាក់របួសធ្ងន់ នៅខណ្ឌទួលគោក

ភ្នំពេញៈ នៅវេលាម៉ោង០១ និង៤៤ នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-4118 និងម៉ូតូឌ្រីមសង់មួយគ្រឿង បណ្តាលឲ្យភាគីខាងម៉ូតូ រងរបួសត្រង់ជើង បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគីខាងរថយន្តបានឲ្យដឹងថា ខណៈពេលដែលគាត់កំពុងធ្វើដំណើរមកដល់ចំណុចផ្លូវបែកជា បួន ជិតផុតទៅហើយនោះ ស្រាប់តែភាគីខាងម៉ូតូបើកបរក្នុងល្បឿនលឿន បានមកបុករថយន្តរបស់គាត់ពេញទំហឹង បណ្តាលឲ្យរងការ ខូចខាតយ៉ាងដំណំ ហើយគាត់បានទារសំណងថ្លៃខូចខាតចំនួន៥០០ដុល្លារតែប៉ុណ្ណោះ ដើម្បីធ្វើការជួសជុល ព្រោះរថយន្ត របស់គាត់ទើបទិញបានថ្មីៗនេះទេ ហើយណាមួយគាត់មិនចង់មានរឿងវែងឆ្ងាយផងដែរ ។

ចំណែកឯភាគីខាងម៉ូតូនោះវិញ ប្អូនប្រុសមិនទាន់និយាយពីរឿងសងសំណងអ្វីនោះទេ គាត់បានទាក់ទងទៅក្រុមគ្រួសាររបស់គាត់សិន ដើម្បីឲ្យចុះមកកន្លែងកើតហេតុ ។ ប៉ុន្តែមានសាច់ញាតិប្អូនប្រុសម្នាក់ បានមកដល់ហើយនិយាយថា ក្រុមគ្រួសារប្អូនប្រុសនេះ មានកម្រិតជីវភាពខ្វះខាត កាលពីជិត៣ឆ្នាំមុន ផ្ទះរបស់គាត់ត្រូវភ្លើងឆេះខ្ទេចគ្មានសល់ ហើយឪពុកកំពុងមានជំងឺថែមទៀត ។ ប្អូនប្រុសសព្វថ្ងៃនេះ បានធ្វើការខាងដឹកជញ្ជូនម្ហូបអាហារឲ្យភ្ញៀវ របស់ក្រុមហ៊ុនហ្វូតផាន់ដា ។ ករណីនេះ ធ្វើឲ្យប្អូនប្រុស រងរបួស ត្រង់ជើង ហើយម៉ូតូក៏រងការខូចខាតធ្ងន់ធ្ងរដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះមកអន្តរាគមន៍ ឲ្យភាគី ទាំងសងខាង ធ្វើការដោះគ្នានៅកន្លែងកើតហេតុ ។ ក្នុងករណីនេះ មិនទាន់ដឹងថា ភាគីខាងណាខុស ខាងណាត្រូវនោះទេ ហើយសមត្ថ កិច្ចលោកក៏បានធ្វើការវាស់វែង បើភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវនោះទេ សមត្ថកិច្ចនឹងយកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុក នៅប៉ុស្តិ៍ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់