ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យោងតាមសេចក្តីរាយការណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨និង១០នាទី មានករណីផ្ទុះអាវុធ ចំនួន៥-៦គ្រាប់ នៅម្តុំចុងអូរឈើទាល ពីមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ ភ្លាមៗនោះ កម្លាំងការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះដល់កន្លែងកើតហេតុ ទើបដឹងថាជាករណីដែលកម្លាំងសមត្ថកិច្ចកំពុងបង្ក្រាបករណីចាប់ជំរិតរវាងជនជាតិចិន និងជនជាតិចិន ដោយមានលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ជាអ្នកសំរបសំរួលនិតីវិធីផងដែរ ។
ក្រុមជនជាតិចិនជាអ្នកចាប់ជំរិតមានអាវុធ បានបាញ់មុន បន្ទាប់មកក៏បានគេចខ្លួនឡើងទៅលើអគារ ។ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងកងរាជអាវុធខេត្ត ធ្វើការបង្ក្រាបករណីខាងលើ ទទួលបានលទ្ធផល ដូចខាងក្រោម ៖
កន្លែងកើតហេតុ ក្បែរឆ្នេរសមុទ្រ ទីតាំងជាអគារ មានកំពស់៩ជាន់ មានជាន់ខ្លះជាបន្ទប់ Online ជុំវិញមានអគារខ្ពស់ៗជាច្រើន ។ រកឃើញអាវុធលាក់ទុកចំនួន៧ដើម ក្នុងនោះអាវុធខ្លី៥ដើម និងវែង២ដើម និងអាវការពារគ្រាប់ ។ ជាមួយនោះ បានរកឃើញ និងរំដោះជនរងគ្រោះជាចំណាប់ខ្មាំងចំនួន០២នាក់ជាជនជាតិចិន ។
តាមរយ:កិច្ចសហការពីជនរងគ្រោះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ និងដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ (ស្រី ១នាក់ ) ជាជនជាតិចិន រួមទាំងអាវុធចំនួន០៧ ដើម បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកសាងនិតីវិធីបន្ត ៕
មតិយោបល់