-

រថយន្តកូរ៉េបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េដឹកមាន់មួយគ្រឿង បើកបញ្រ្ចាសទិសដៅគ្នា ជាមួយម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្ត និងម៉ូតូយ៉ាងដំណំ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ០៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (មុខសាលាកងរាជអាវុធហត្ថ) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាអ្នកបើករថយន្តរួមដំណើរជាមួយ និងគ្នា៣នាក់ទៀត បើករថយន្តកូរ៉េដឹកមាន់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-0438 បើកតាមបណ្តោយផ្លូវជាតិលេខ០៤ ទិសដៅពីកើតទៅលិច ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូម៉ាកនិច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1DE-0001 បើកតាមបណ្តោយផ្លូវជាតិលេខ០៤ដូចគ្នា ទិសដៅពីលិចទៅកើតបញ្ច្រាសទិសដៅគ្នា ជាមួយរថយន្ត លុះដល់ចំណុចកើតហេតុខាងលើ ម៉ូតូជ្រុលបើកចូលទៅផ្លូវរថយន្តបុកគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រថយន្តរងការខូចខាតផ្នែកខាងមុខរថយន្ត រីឯម៉ូតូរួញចូលគ្នាខូចខាតស្ទើរតែទាំងស្រុង ។

ជនរងគ្រោះមានឈ្មោះ ហឿន សុផាត អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅ ភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។

ក្រោយពេលកើតហេតុ តៃកុងរថយន្ត និងអ្នករួមដំណើរជាមួយបានរត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ ទៅតាមនីតិវិធីច្បាប់ នៅពេលក្រោយ រីឯសាកសពសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕

មតិយោបល់