ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីលួចទូរស័ព្ទអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ: កាលពីម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៩ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ ធ្វើការឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះ ធ្វើសកម្មភាពលួចយកទូរស័ព្ទ ២គ្រឿង របស់អ្នកជំងឺម្នាក់ និងអ្នកកំដរម្នាក់ដែលកំពុងតែសំរាកព្យាបាលជំងឺក្នុងមន្ទីពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណុចអគារមហារីក ឃាត់ខ្លួនបាននៅហាងកាហ្វេផ្លូវ១៩៩ ភូមិ៤សង្កាត់ទំនប់ទឹកខណ្ឌចម្ការមន។

ជនសង្ស័យឈ្មោះ ជា មេសា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យមាន ស្រុកកំណើតភូមិជ្រៃកោង ឃុំស្លាកែត ស្រុកបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ហុង មុំ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរនៅផ្ទះមានស្រុកកំណើត ខេត្តកំពង់ស្ពឺ ជាអ្នកជំងឺសំរាកនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត និងម្នាក់ទៀតឈ្មោះ កែវ សីហា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិផ្លយសណ្តាយ ឃុំពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអ្នកកំដរអ្នកជំងឺ។

វត្ថុតាងដែលដកហូតបានមាន៖
-ទូរស័ព្ទដៃចំនួន២គ្រឿងម៉ាកហូវ៉ៃមួយគ្រឿងនិងមួយគ្រឿងទៀតម៉ាកVIVOមួយគ្រឿងដែលជារបស់ជនរងគ្រោះ។

ដំណើររឿង៖ មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺមានជនរងគ្រោះជាអ្នកជំងឺម្នាក់ និងជាអ្នកកំដរម្នាក់បានមកសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យខាងលើ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានបុរសជាជនសង្ស័យម្នាក់ ដើរចូលទៅក្នុងបន្ទប់អ្នកជំងឺ ដោយយកលេសថា យកអ្នកជំងឺចូលដេកបន្ថែមទៀត ហើយគាប់ជួនឃើញទូរស័ព្ទរបស់ជនរងគ្រោះ ២គ្រឿង កំពុងតែសាកថ្មទុកចោលទើបជនសង្ស័យរូបនោះលួចយកទៅតែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះដែរស្ត្រីរងគ្រោះ ឃើញក៏ស្រែកផ្អើលឆោឡោថា «ចោរៗ» ផ្អើលដល់សន្តិសុខយាមនៅមន្ទីពេទ្យ រត់ដេញតាមចាប់រហូតដល់ហាងកាហ្វេមួយកន្លែង ស្ថិតនៅផ្លូវ១៩៩ សង្កាត់ទំនប់ទឹក គាប់ជួនជួបនិងកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលទំនប់ ក៏សហការគ្នាឃាត់ខ្លួនជនសង្ស័យបានព្រមឆែកឆេររកឃើញទូរស័ព្ទដៃ ២គ្រឿង ជារបស់ជនរងគ្រោះទើបនាំខ្លួនទៅសាកសួរ នៅប៉ុស្តិ៍នគរបាលទំនប់ទឹកតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទចំនួន ២គ្រឿង​របស់ជនរងគ្រោះដែលសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យពិតប្រាកដមែន។

ក្រោយកើតហេតុបន្ទាប់ពីសាកសួររួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌចម្ការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់