កណ្តាល: នគរបាលស្រុកកោះធំ ដឹកនាំដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន បង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនបាន៣នាក់ រួមនិងម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក Ice) ចំនួន៥កញ្ចប់តូច។ ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅបន្ទប់ជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
បើតាមលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានប្រាប់អោយដឹងថា ជនសង្ស័យទី១-ឈ្មោះ ដាំង យ៉ាំងឌឹក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករ។ ទី២-ឈ្មោះ ឡេ ធីង៉ុកមី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរនារីបម្រើផ្លូវភេទ។ ទី៣-ឈ្មោះ ង្វៀង យ៉ាំងប៊ឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរទិញអេតចាយ។ វត្ថុតាងចាប់យក ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន៥កញ្ចប់តូច ថ្នាំញៀនWYគ្រាប់ពណ៌បៃតងចំនួន០១គ្រាប់ ទូរស័ព្ទចល័តចំនួន០៣គ្រឿង ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង កាបូបដៃចំនួន២ មួកកាតិបចំនួន១ កូនកន្ត្រៃចំនួន១ ទុយោចំនួន១ថង់ និងបារីលាយជាមួយកញ្ឆាចំនួន១ដើម។
លោកអធិការបានបញ្ជាក់ថា កាលពីពេលវេលាកើតហេតុខាងលើ សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្ដ្រខ្លួនគ្រប់គ្រង។ ពេលនោះបានទទួលព័ត៌មានពីមហាជនល្អថា មានការលក់ និងចែកចាយគ្រឿងយ៉ាងសកម្ម នៅចំណុចបន្ទប់ផ្ទះជួលរបស់ឈ្មោះ ស៊ សុវណ្ណ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ពេលនោះសមត្ថកិច្ចជំនាញ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ចុះស្រាវជ្រាវរហូតដល់ចំណុចកើតហេតុខាងលើ ហើយបានជួបមុខសញ្ញាសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដូចបាន ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់