កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលមូលដ្ឋាន បានបង្ក្រាបបទល្មើស ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២ទីតាំងផ្សេងគ្នា ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតវត្ថុតាងសរុបមាន៖ ១-គ្រឿងញៀន មេតំហ្វេតាមីន (Ice) ចំនួន១៦កញ្ចប់ (ធំ ០៦, តូច ១០ ) ទម្ងន់សរុប ៦០១,៨៤ ក្រាម ។ ២- ទូរស័ព្ទចម្រុះ ចំនួន ០៥ គ្រឿង ។ ៣-ម៉ូតូចំនួន ៥គ្រឿង និង៤-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។
សមត្ថកិច្ចបានបញ្ជាក់ថា គោលដៅទី១៖ វេលាម៉ោង១៤ និង០០នាទី កម្លាំងបានចុះទៅចំណុចផ្ទះរបស់ឈ្មោះ ឈឺន ផានី ភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ៖
១-ឈ្មោះ ង៉ែត យូឡុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត មានទីលំនៅ ភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ជួញដូរ ) មានសារធាតុញៀនក្នុងទឹកនោម ។ ២-ឈ្មោះ ឈឺន ផានី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ប្រើប្រាស់ ) មានសារធាតុញៀនក្នុងទឹកនោម ។ ៣-ឈ្មោះ ម៉ៃ គឹមហឿន ហៅរាជ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ប្រើប្រាស់) +មានសារធាតុញៀនក្នុងទឹកនោម ។
គោលដៅទី២ ៖ នៅថ្ងៃដដែលវេលាម៉ោង១៥និង៤០នាទី កម្លាំងបានបង្ក្រាបនៅចំណុចផ្ទះជួលរបស់ឈ្មោះ សុខ គឹមសាក់ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ ០២នាក់ ៖
១-ឈ្មោះ សុខលី ឆវ័ន្ត ហៅ សាត វណ្ណឌី ហៅឌី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ( មេបណ្តាញជួញដូរ ) មានសារធាតុញៀនក្នុងទឹកនោម ។ ជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន២ឆ្នាំ ។ ២-ឈ្មោះ សុខ គឹមសាក់ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិស្លែង ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល ( ជួញដូរ ) មានសារធាតុញៀនក្នុងទឹកនោម ។
លទ្ធផលយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លើជនសង្ស័យទាំង០៥នាក់ បង្ហាញថា អវិជ្ជមាន ( - ) ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់